ភ្នំពេញ : លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីនៃក្រសួងកិច្ចការនារី ដែលជាស្ថាប័នដឹកនាំការរៀបចំវេទិកាអាស៊ី-អឺរ៉ុប ស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ ដែលជាព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូល បានថ្លែងរាយការណ៍អំពីលទ្ធផលនៃវេទិកាស្រ្តីខាងលើ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13 Summit) តាមរយៈប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពក៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ និងមានការចូលរួមដោយប្រមុខដឹកនាំមកពីគ្រប់បណ្តាប្រទេសដៃគូនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប។
នៅក្នុងកិច្ចប្រជុំកំពូលនេះ លោកស្រីកិត្តិបណ្ឌិតរដ្ឋមន្រ្តី បានរំលេចពីស្មារតីនៃអាស៊ី-អឺរ៉ុប ស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ៖
១) អំពាវនាវឱ្យបង្កើនការចូលរួមរបស់ស្ត្រីជាកងកម្លាំងរក្សាសន្តិភាពនៅគ្រប់ប្រតិបត្តិការរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ (ដោយបញ្ជាក់អំពីតួនាទីដ៏ចម្បងរបស់ស្ត្រីក្នុងភាពជាអ្នកដឹកនំា ក្នុងដំណើរការសន្តិភាព កិច្ចចរចា ការសម្របសម្រួល និងការរក្សាសន្តិភាព) ២)ការដោះស្រាយបញ្ហាអំពើហិង្សាទាក់ទងនឹងយេនឌ័រ (តាមរយៈការលើកកម្ពស់សមភាពយេនឌ័រ ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី ការចូលរួមរបស់ស្ត្រីក្នុងសន្តិភាព និងសន្តិសុខ, ការអភិវឌ្ឍអភិបាលកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ ដែលឆ្លើយតបនឹងយេនឌ័រ) និងទី៣) កាលានុវត្តភាពថ្មីនៃវិបត្តិកូវីដ១៩ ដើម្បីស្តារឡើងវិញប្រកបដោយភាពធន់ បរិយាប័ន្ន និងចីរភាព ដោយចាត់ទុកការអនុវត្តរបៀបវារៈស្រ្តី សន្តិភាព និងសន្តិសុខគឺជាមាគ៌ាដ៏សំខាន់មួយនៃដំណើរផ្លាស់ប្តូរ ដើម្បីឈានឆ្ពោះទៅសម្រេចបានការរក្សាសន្តិភាព និងពន្លឿនផងដែរនូវការរស់រានឡើងវិញនៃសេដ្ឋកិច្ច ក្រោយវិបត្តិកូវីដ១៩៕
ដោយ : សិលា