ភ្នំពេញ ៖ រសៀលថ្ងៃព្រហស្បតិ៍ ៦រោច ឆ្នាំឆ្លូវ ខែកត្តិក ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខ័ន្ធសំព លោកស្រី ស ស៊ន់ ដែលត្រូវជាប្អូនបង្កើត សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាម្តាយបង្កើត លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ដែលបានទទួលមរណភាព កាលពីវេលាម៉ោង ០៩:៥០នាទីយប់ ក្នុងជន្មាយុ៧៤ឆ្នាំ ដោយរោគាពាធ។
សម្តេចវិបុលសេនាភក្តី សូមចូលរួមរំលែកទុក្ខ និងស្រណោះអាឡោះអាល័យជាមួយសម្តេចក្រឡាហោម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ លោកស្រី ស ស៊ន់ គឺជាការបាត់បង់នូវបងស្រី ម្តាយ ម្តាយក្មេក ជីជូនប្រកបដោយសង្គហធម៌ និងព្រហ្មវិហារធម៌ ដ៏ល្អប្រពៃ។ រូបកាយរបស់ លោកស្រី ស ស៊ន់ បាត់បង់ទៅមែនពិត ប៉ុន្តែបានបន្សល់ទុកនូវអំពើកុសល កិត្តិយស សេចក្តីថ្លៃថ្នូ ភាពតស៊ូ អំណត់ព្យាយាម និងស្ថិតស្ថេរជានិច្ចនិរន្តរ៍ នៅក្នុងសន្តានចិត្តញាតិមិត្តជិតឆ្ងាយទាំងអស់។
សម្តេចវិបុលសេនាភក្តី សូមឧទ្ទិសបួងសួងដល់វត្ថុសក្តិសិទ្ធក្នុងលោក និងតេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃតាមជួុយបីបាច់ ថែរក្សាដល់ដួងវិញ្ញាណក្ខ័ន្ធ លោកស្រី ស ស៊ន់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ: សិលា