ប្រទេសរុស្សុី៖ ការបែកធ្លាយឧស្ម័នហ្គាសនៅក្នុងអណ្តូងរ៉ែធ្យូងថ្មនៅតំបន់ Siberia ប្រទេសរុស្ស៊ីបានសម្លាប់មនុស្សកើនឡើងដល់៥២នាក់ហើយមកដល់ថ្ងៃទី ២៥ខែវិច្ឆិកានេះ ក្នុងនោះក៏មានក្រុមជួយសង្គ្រោះ៦នាក់ដែលបានចុះទៅជួយបញ្ជូនកម្មករជាប់គាំងនៅក្នុងអណ្តូងរ៉ែនោះផងដែរ។ សារព័ត៌មានរ៉យទ័របានផ្សាយថា នេះជាសោកនាដកម្មពាក់ព័ន្ធនឹងការផ្ទុះអណ្តូងរ៉ែទ្រង់ទ្រាយធំបំផុត ចាប់តាំងពីរបបសហភាពសូវៀតដួលរលំមក។ គណៈកម្មការស្រាវជ្រាវបានប្រកាសថា មានមនុស្ស៣នាក់ត្រូវបានចាប់់ខ្លួន ក្នុងនោះមានអគ្គនាយកក្រុមហ៊ុនរ៉ែ Listvyazhnaya ត្រូវបានចាប់ខ្លួនពីបទចោទប្រកាន់មិនគោរពច្បាប់សុវត្ថិភាព ក្នុងវិស័យឧស្សាហកម្ម។ មន្ត្រីក្នុងតំបន់បានឱ្យដឹងថា ក្រុមកម្មករបានស្លាប់ដោយថប់ដង្ហើម ក្រោយបែកធ្លាយឧស្ម័នហ្គាស ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានឱ្យដឹងថាអាចនឹងមានករណីផ្ទុះជាទ្រង់ទ្រាយធំនៅខាងក្នុងអណ្តូងរ៉ែ។ អ្នកស្លាប់រួមមានកម្មករអណ្តូងរ៉ែ១១នាក់ និងមនុស្ស៣៥នាក់ទៀតដែលបានប្រកាសថាបាត់ខ្លួននាពេលកន្លងមកគឺបានស្លាប់រួមជាមួយនឹងបុគ្គលិកជួយសង្គ្រោះ៦នាក់ផងដែរ។ ក្រៅពីនេះនៅមានមនុស្សរាប់សិបនាក់ទៀតត្រូវបានបញ្ជូនទៅព្យាបាលនៅក្នុងមន្ទីរពេទ្យ ក្នុងនោះមាន៤នាក់ស្ថិតនៅក្នុងសភាពធ្ងន់។ ក្រសួងគ្រប់គ្រងគ្រោះអាសន្នរុស្ស៊ីបានប្រកាសថា មានមនុស្ស ២៨៥នាក់មានវត្តមាននៅក្នុងអណ្តូងរ៉ែក្នុងពេលគ្រោះថ្នាក់កើតឡើង ។ មន្ត្រីក្នុងតំបន់បានឱ្យដឹងថា មានមនុស្ស២៣៩នាក់បានជួយសង្គ្រោះចេញពីអណ្តូងរ៉ែ៕ ដោយសាធី
រូបថត៖Reuters.
រូបថត៖TTXVN-VNA.