ភ្នំពេញ៖ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦ នេះជាថ្ងៃដំបូង ដែលក្រុម Royal Railway បានដាក់ឲ្យដំណើរការរថភ្លើងសម្រាប់ដឹកអ្នកដំណើរពីភ្នំពេញទៅខេត្តព្រះសីហនុ។ ថ្ងៃដំបូងនេះ រថភ្លើងនេះទទួលបានការគាំទ្រខ្លាំងពីប្រជាពលរដ្ឋ ហើយគ្រោងនឹងដាក់ឲ្យដំណើរការមួយខ្សែទៀតនៅថ្ងៃស្អែកនេះ។
ខ្សែរថភ្លើងនេះ ត្រូវឆ្លងកាត់ស្ថានីយ៍នៅខេត្តតាកែវ ខេត្តកំពត និងខេត្តព្រះសីហនុ ដោយចេញដំណើរពីម៉ោង ៧ព្រឹក ក្នុងតម្លៃសំបុត្រពី ៣ដុល្លារ ទៅ ៦ដុល្លារ។ នេះបើតាម លោក លុក រតនា ភ្នាក់ងារសុវត្ថិភាពរបស់ក្រុមហ៊ុន Royal Railway។
លោក លុក រតនា បញ្ជាក់ថា អ្នកដំណើរម្នាក់ដែលជិះរថភ្លើងរបស់ក្រុមហ៊ុន Royal Railway ពីភ្នំពេញទៅដល់ខេត្តតាកែវ សំបុត្រមានតម្លៃ៣ដុល្លារ។ ពីភ្នំពេញទៅដល់ខេត្តកំពត គឺមានតម្លៃ៥ដុល្លារ និងពីភ្នំពេញទៅខេត្តព្រះសីហនុ គឺមានតម្លៃ៦ដុល្លារ។
ភ្នាក់ងារសុវត្ថិភាពរបស់ក្រុមហ៊ុន Royal Railway ខាងលើ បានប្រាប់សារព័ត៌មានថ្មីៗទៀតថា រថភ្លើងរបស់ក្រុមហ៊ុន Royal Railway ដំណើរការតែក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរតែប៉ុណ្ណោះ ដើម្បីសាកល្បងស្ទង់មើលអតិថិជន តើមានការគាំទ្រកម្រិតណា?
ដោយ៖ តាឡឹម