កូវីដ-១៩បំប្លែងថ្មី Omicron រាលដាលដល់អឺរ៉ុប នាយករដ្ឋមន្ត្រីបែលហ្សុិកហៅថា«កូវីដ-២១»

ចែករំលែក៖

អង្គការសុខភាពពិភពលោក (WHO) ក្រោយបញ្ចប់កិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃសុក្រសប្តាហ៍នេះ បានសម្រេចដាក់ឈ្មោះវីរុសបំប្លែងថ្មី «B.1.1.529» ដែលទើបត្រូវបានរកឃើញនៅអាហ្វ្រិកខាងត្បូងនោះជាផ្លូវការថា (Omicron) និងចាត់ទុកថា «វាជាវីរុសដែលគួរឱ្យបារម្ភ» ។ នៅពេលនេះដែរ នាយករដ្ឋមន្ត្រីបែលហ្ស៊ិក លោក Alexander De Croo បានឱ្យដឹងថា វីរុសបំប្លែងថ្មី Omicron មានភាពខុសប្លែកជាមួយវីរុសកូវីដ-១៩ ដែលបានផ្ទុះឡើងដំបូងនៅទីក្រុងវូហានប្រទេសចិន ។ ដូច្នេះរលកកូវីដ-១៩ បំប្លែងថ្មីនេះគួរតែដាក់ឈ្មោះថា «កូវីដ-២១»។ មានប្រសាសន៍កាលពីថ្ងៃទី២៦ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីបែលហ្សុិកលោក Alexander De Croo បញ្ជាក់ថា «អ្នកអាចហៅវីរុសបំប្លែងថ្មីថាជាកូវីដ-២១ ជំនួសកូវីដ-១៩ ដោយសារតែការបំប្លែងថ្មីឆ្លងរាលដាលខ្ពស់ជាង៣ដងនៃវីរុសកូវីដ-១៩ ។ ការលើកឡើងរបស់នាយករដ្ឋមន្ត្រីបែលហ្សុិក ក្រោយពេលដែល តំបន់អឺរ៉ុបកំពុងតែបារម្ភពីការឆ្លងកូវីដ-១៩ បំប្លែងថ្មី ឈ្មោះ Omicron ។ ក្រុមអ្នកវិទ្យាសាស្ត្របានលើកឡើងថា វីរុសថ្មីមាន៣២បន្លាប្រូតេអុីន គឺខ្ពស់ជាងទ្វេដងបើប្រៀបធៀបនឹងវីរុសកូវីដ-១៩ ។ ក្រសួងសុខាភិបាលអង់គ្លេសក៏បានប្រកាសថា វីរុសបំប្លែងថ្មី គឺជា«ការបំប្លែងអាក្រក់បំផុតដែលយើងទើបតែជួប»។ ការរកឃើញវីរុសបំប្លែងថ្មីខាងលើនេះដែរ បាននិងកំពុងធ្វើឱ្យពិភពលោកប្រកាសអាសន្នជាថ្មីម្តងទៀត ខណៈដែលប្រទេសកាន់តែច្រើន ដែលមានជើងហោះហើរ ជាមួយនឹងប្រទេសអាហ្វ្រិកខាងត្បូង ខ្លះបានរាំងខ្ទប់ការធ្វើដំណើររួចរាល់ និងខ្លះទៀតកំពុងគិតពិចារណា។ មកទល់ពេលនេះ ក្រៅពីប្រទេសអាហ្វ្រិកខាងត្បូង និងប្រទេសជិតខាងផ្សេងទៀតដូចជាបុតស្វាណាជាដើម ទីក្រុងហុងកុងរបស់ចិន, ប្រទេសអុីស្រាអែល និងប្រទេសបែលហ្សុិក សុទ្ធតែបានប្រកាសរកឃើញករណីឆ្លងដំបូងៗនៃវីរុសបំប្លែងថ្មី Omicron៕ ដោយសាធី

រូបថត៖Reuters.

...

រូបថត៖TTXVN-VNA.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print