រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាហ្វ្រិកខាងត្បូង លោក Joe Phaahla នៅថ្ងៃទី២៦ខែវិច្ឆិកា បានប្រកាសថា ការហាមប្រាមរបស់ប្រទេសមួយចំនួនចំពោះពលរដ្ឋអាហ្វ្រិកខាងត្បូង ដោយបារម្ភពីការឆ្លងកូវីដ -១៩បំប្លែងថ្មី Omicron ដែលទើបតែរកឃើញគឺជារឿងមិនសមហេតុសមផល។
តាមសារព័ត៌មាន CNBC បានដកស្រង់សម្តីរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាហ្វ្រិកខាងត្បូង បញ្ជាក់ថា «ការប្រតិកម្មបែបនេះចំពោះបណ្តាប្រទេសមកលើអាហ្វ្រិកខាងត្បូងគឺជារឿងមិនសមហេតុផលនោះឡើយ»។ លោក Joe Phaahla បានបញ្ជាក់ថា ការហាមប្រាមពលរដ្ឋអាហ្វ្រិកខាងត្បូងចូលទៅកាន់ប្រទេសរបស់ខ្លួនគឺជាការដើរផ្ទុយជាមួយនឹងច្បាប់កំណត់ របស់អង្គការសុខភាពពិភពលោក ។
លោក Joe Phaahla បានបញ្ជាក់ថា បណ្តាប្រទេសចង់«ទម្លាក់កំហុសទៅលើអាហ្វ្រិកខាងត្បូង» ដោយភ្ជាប់វីរុសថ្មីមកលើអាហ្វ្រិកខាងត្បូង ជាជាងសហការដោះស្រាយស្ថានភាព តាមការណែនាំរបស់អង្គការ WHO ។
មកទល់ពេលនេះមានប្រទេសជាច្រើនជុំវិញពិភពលោក ទាំងអាមេរិក កាណាដា អូស្ត្រាលី អឺរ៉ុប និងអាស៊ី មានប្រទេសជាច្រើនក៏បានសម្រេចកាត់បន្ថយការហោះហើរចេញចូលទៅកាន់ទ្វីបអាហ្វ្រិក ក៏ដូចជារឹតត្បិតការធ្វើដំណើររបស់ពលរដ្ឋអាមេរិកចូលមកកាន់ប្រទេសរបស់ខ្លួន ដោយខ្លាចនាំវីរុសកូវីដ-១៩បំប្លែងថ្មី ដែលអង្គការ WHO ហៅថាជាវីរុសគួរឲ្យបារម្ភ ហើយដាក់ឈ្មោះវីរុសបំប្លែងថ្មី ថា Omicron៕ ដោយសាធី
រូបថត៖AP.