រថយន្តបែនដឹកថ្មបើកចុះផ្លូវក្រោមដីនៅរង្វង់មូលចោមចៅជាន់ហ្វ្រ័ងមិនសុីជ្រុលទៅបុករះម៉ូតូម៉ូតូកង់បី និងរថយន្ត របួសធ្ងន់២នាក់

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តបែនដឹកថ្មរបស់ក្រុមហ៊ុនL. MHប្រភេទយីឌុបមួយគ្រឿង ខណៈដែលកំពុងបើកចុះចំណោតផ្លូវក្រោមស្ពានអាកាសចោមចៅជាន់ហ្វ្រ័ងមិនសុីជ្រុលទៅបុករះម៉ូតូនិចមួយគ្រឿង របួសធ្ងន់ស្រ្តី២នាក់ ហើយបន្តទៅកៀរម៉ូតូកង់បី និងរថយន្តសាំយ៉ុងមួយគ្រឿងរងខូចខាត កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅផ្លូវក្រោមដីស្ពានអាកាសចោមចៅ ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

អ្នកបើកបររថយន្តបង្កហេតុឈ្មោះ កែវ តារា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅផ្លូវហាណូយ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មានស្រុកកំណើតនៅស្រុកកំពត ខេត្តកំពត ។ 

តាមប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុរថយន្តបង្កប្រភេទបែនយីឌុប ម៉ាកFUSOពណ៌ស ពាក់ស្លាកលេខ ចង្កូតស្តាំ PSHN 0465 បានបើកតាមបណ្តោយផ្លូវចោមចៅពីត្បូងទៅជើង លុះមកដល់ចុះចំណោតផ្លូវក្រោមដី ស្ពានអាកាសចោមចៅ ជាន់ហ្វ្រ័ងអត់សុីក៏ជ្រុលទៅបុកពីក្រោយម៉ូតូនិច បណ្តាលឱ្យស្ត្រី២នាក់រងរបួសធ្ងន់ ហើយរថយន្តមិនទាន់អស់ល្បឿនក៏បន្តទៅកៀរម៉ូតូកង់បី ពណ៌ស ពាក់ស្លាកលេខ កំពត 1P-0161 បណ្តាលឱ្យក្រឡាប់ និងបន្តទៅកៀររថយន្តសាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2O-7509 មួយគ្រឿងទៀតបណ្តាលឱ្យខូចខាត ។

តាមសម្តីអ្នកបើកបររថយន្តបង្កបានឱ្យដឹងថា គាត់បើករថយន្តក្នុងគោលបំណងទៅដឹកថ្មនៅឯស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ហើយនៅពេលដែលបើកចុះចំណោតផ្លូវក្រោមដី ស្រាប់តែហ្វ្រ័ងមិនសុី ទើបជួបរឿងបែបនេះ ។

ក្រោយកើតហេតុ ស្ត្រីរងគ្រោះទាំង២នាក់ ត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅ ព្យាបាល។ ចំណែកមធ្យោបាយពាក់ព័ន្ធ រួមជាមួយអ្នកបើកបររថយន្តបង្កផងត្រូវបានសមត្ថកិច្ចនាំយកទៅទុកនៅការិយាល័យចរាចរណ៍ជេីងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ ៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print