សម្តេចក្រឡាហោម ស ខេង ព្រមទាំងក្រុមគ្រួសារអញ្ជើញដង្ហែសពមហាឧបាសិកា​ ស ស៊ន់ ពីគេហដ្ឋានខណ្ឌសែនសុខ ឆ្ពោះទៅកាន់ឈាបនដ្ឋាននាសួនច្បារមុខវត្តបទុមវតី

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី​ ញ៉ែម សាខន សខេង ព្រមទាំងក្រុមគ្រួសារបានអញ្ជើញដង្ហែសពមហាឧបាសិកា ស ស៊ន់ ពីគេហដ្ឋានខណ្ឌសែនសុខឆ្ពោះទៅកាន់ឈាបនដ្ឋាននាសួនច្បារមុខវត្តបទុមវតី នៅព្រឹកថ្ងៃសៅរ៍ ៨រោច ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

ពិធីឈាបនកិច្ចនេះបានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាថ្នាក់ដឹកនាំក្រសួងស្ថាប័នជាតិ និងញាតិមិត្តជិតឆ្ងាយជាច្រើន។ នាឱកាសប្រកបដោយសេចក្ដីក្ដុកក្ដួលនោះ សម្ដេចចៅហ្វាវាំង បានអញ្ជើញជូនភ្លើងបូជាសពមហាឧបាសិកា ស ស៊ន់ ។

សូមបញ្ជាក់ថា មហាឧបាសិកា ស ស៊ន់ ត្រូវជាបងស្រីបង្កើតសម្តេចក្រឡាហោម ស ខេង ដោយបានទទួលមរណភាពកាលពីវេលាម៉ោង២១និង៤៥នាទីយប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយជរាពាធ។ សពមហាឧបាសិកាត្រូវបានតម្កល់ធ្វើបុណ្យតាមគន្លងព្រះពុទ្ធសាសនា នៅគេហដ្ឋានក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ មុនពេលដង្ហែមកបូជា។

ថ្វីដ្បិតបានធ្វើមរណកាលទៅកាន់លោកខាងមុខហើយក្ដី ប៉ុន្តែសេចក្ដីល្អរបស់មហាឧបាសិកានឹងស្ថិតនៅជាអមតៈជាមួយបងប្អូនកូនចៅ និងសង្គមជាតិ។ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយស សុវត្ថារា ថ្នាក់មហាសេរីវឌ្ឍន៍, គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌថ្នាក់មហាសេរីវឌ្ឍន៍ និងគ្រឿងឥស្សរិយយស សម្ដេចព្រះមហាក្សត្រីយានីព្រះស៊ីសុវត្ថិមុនីវង្សកុសមៈនារីរត្ន ថ្នាក់មហាសេនា ជាកិច្ចបច្ឆាមរណៈចំពោះមហាឧបាសិកា ស ស៊ន់ ដែលបានទទួលមរណភាព ។

កុសលដែលមហាឧបាសិកាបានសន្សំ និងផលបុណ្យដែលក្រុមគ្រួសារបានបំពេញនឹងជួយដួងវិញ្ញាណក្ខន្ធឧបាសិកាបានទៅកាន់ទីឋានសុខស្ងប់កុំបីឃ្លៀងឃ្លាតឡើយ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print