ដំណើរទស្សនកិច្ចសារព័ត៌មាននៅខេត្តព្រះសីហនុក្នុងក្របខណ្ឌនៃមហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ ២០២១

ចែករំលែក៖

ខេត្តព្រះសីហនុ : ក្នុងក្របខណ្ឌនៃការធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតសមុទ្រអាស៊ីបូព៌ា ក្រសួងបរិស្ថានដោយសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំដំណើរទស្សនកិច្ចសារព័ត៌មានមួយពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ នៅលើទឹកដីខេត្តព្រះសីហនុដើម្បីផ្សព្វផ្សាយពីសមិទ្ធផលនានាដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននៅខេត្តជាប់មាត់សមុទ្រមួយនេះ ក៏ដូចជាផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ ព្រមទាំងធនធានធម្មជាតិ និងជីវៈចម្រុះនៅតំបន់សមុទ្រ និងចូលរួមយកព័ត៌មាននៅក្នុងមហាសន្និបាតសមុទ្រ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១។

លោករដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតសមុទ្រអាស៊ីបូព៌ាលើកទី៧ ហើយ កម្ពុជាបានជ្រើសរើសយកខេត្តព្រះសីហនុជាទីកន្លែង ដើម្បីប្រារព្ធមហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១ និងកិច្ចប្រជុំពាក់ព័ន្ធដែលគ្រោងធ្វើនាថ្ងៃទី១-២ ខែធ្នូ ឆ្នាំ២០២១។ លោក នេត្រ ភក្ត្រា បានថ្លែងឱ្យដឹងថា មហាសន្និបាតសមុទ្រឆ្នាំនេះ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ «បង្កើតទសវត្សរ៍ថ្មីនៃសុខុមាលភាពសមុទ្រ មនុស្ស និងសេដ្ឋកិច្ច»។

អ្នកសារព័ត៌មានសរុបចំនួន ៣០ រូបមកពី ១៦ ស្ថាប័នព័ត៌មាននៅកម្ពុជាបានចូលរួមក្នុងដំណើរទស្សនកិច្ចសារព័ត៌មានរយៈពេល ៥ ថ្ងៃនេះ។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថានដែលដឹកនាំដំណើរទស្សនកិច្ចនេះបានថ្លែងថា ដំណើរទស្សនកិច្ចនេះរៀបចំឡើងក្នុងគោលបំណងបង្ហាញឱ្យសាធារណជនបានឃើញពីភាពជាអ្នកដឹកនាំរបស់កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលកម្ពុជាមានសមត្ថភាពនិងលទ្ធភាពគ្រប់គ្រាន់ក្នុងការរៀបចំ និងការដឹកនាំមហាសន្និបាតអន្តរជាតិនិងបានឃើញពីវឌ្ឍនភាព ព្រមទាំងសមិទ្ធផលនៃការអភិវឌ្ឍនិងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្ររបស់កម្ពុជា បង្ហាញពីការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃតំបន់ឆ្នេរសមុទ្រកម្ពុជា ជាពិសេសខេត្តព្រះសីហនុដែល រាជរដ្ឋាភិបាលកម្ពុជាបានប្រែក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។

តាមការបញ្ជាក់របស់លោក នេត្រ ភក្ត្រា ក្នុងអំឡុង ពេលដំណើរទស្សនកិច្ចសារព័ត៌មាននៃក្របខណ្ឌចូលរួមមហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១ នេះដែរ ក្រុមអ្នកសារព័ត៌មាននឹងមានឱកាសស្វែងយល់បន្ថែមពីសក្តានុពលទេសចរណ៍ សក្តានុពលសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធដែលខេត្តព្រះសីហនុមាន ព្រមទាំងធ្វើទស្សនកិច្ច នៅតាមទីតាំងនានាដូចជាបណ្តោយឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់ខេត្តព្រះសីហនុ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៤ ខ្សែដែលរាជរដ្ឋាភិបាលបានសាងសង់សម្រាប់ធ្វើទំនើបកម្មខេត្តព្រះសីហនុ ទីតាំងអាងប្រព្រឹត្តកម្មទឹកកខ្វក់ ដែលមានតួនាទីសម្អាតសំណល់រាវទឹកកខ្វក់ក្រុងព្រះសីហនុ ទីលានចាក់សំណល់រឹងសំរាមខេត្តព្រះសីហនុក្នុងការគ្រប់គ្រងសំណល់រឹងសំរាម រួមនឹងការគ្រប់គ្រងនិងអភិរក្សឆ្នេរសមុទ្រកម្ពុជាផងដែរ។

តាមរយៈទស្សនកិច្ចសារព័ត៌មាននិងការផ្សព្វផ្សាយពីមហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ ២០២១ និងកិច្ចប្រជុំពាក់ព័ន្ធនៅខេត្តព្រះសីហនុ មន្ត្រីជាន់ខ្ពស់ ក្រសួង បរិស្ថានបានសម្តែងនូវសុទិដ្ឋិនិយមថា ពលរដ្ឋកម្ពុជា និងពិភពលោកនឹងបានស្គាល់ច្បាស់បន្ថែមទៀតពីការអភិវឌ្ឍនៅខេត្តព្រះសីហនុ និងសក្តានុពលដ៏សម្បូណ៌បែបនៃខេត្តជាប់មាត់សមុទ្រមួយនេះដែលរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងប្រែក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងដែលជាប៉ូលសេដ្ឋកិច្ចមួយយ៉ាងសំខាន់របស់កម្ពុជា និងភ្ជាប់កម្ពុជាទៅកាន់ពិភពលោកកាន់តែទូលាយ។ ក្នុងរយៈពេលចុងក្រោយនេះ ខេត្តព្រះសីហនុបានប្រែមុខមាត់ជាច្រើនដោយប្រែក្លាយពីខេត្តដែល ស្ងៀមស្ងាត់ទៅជាខេត្តដែលមានសកម្មភាពមមាញឹក និងរស់រវើកលើវិស័យទេសចរណ៍ សេដ្ឋកិច្ច និងឧស្សាហកម្ម៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print