ខេត្តកណ្ដាល៖ យ៉ាងហោចមនុស្ស៤នាក់រាប់ទាំងម្ចាស់ផ្ទះផងបានរងរបួសធ្ងន់និងស្រាលដោយសារករណីផ្ទុះហ្គាសកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦នៅចំណុចផ្ទះបញ្ចូលលក់ហ្គាសស្ថិតនៅភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
អាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋាននៃចំណុចកើតហេតុបានឲ្យដឹងថា ម្ចាស់ផ្ទះបញ្ចូលហ្គាសដែលរងរបួសធ្ងន់ដែរនោះមានឈ្មោះ ឈន់ ប៊ុនថា ភេទប្រុស អាយុ៣១ឆ្នាំ មានស្រុកកណើតនៅភូមិឃុំល្វេ ស្រុកកោះសុទិន ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅភូមិ-ឃុំកើតហេតុ មានមុខរបរលក់ទូរស័ព្ទនិងបញ្ចូលហ្គាស។ ចំណែកជនរងគ្រោះ៣នាក់ទៀតទី១-ឈ្មោះ គុន្ធ ស្រីរស់ ភេទស្រី អាយុ៤៣ឆ្នាំ មានស្រុកកំណើតនៅភូមិស្វាយឧត្តម ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង មានមុខរបរលក់ដូរ រងរបួសស្រាល ទី២-ឈ្មោះ លីម ហ៊ុជ ភេទស្រីអាយុ៣៩ឆ្នាំ មានទីលំនៅភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល មុខរបរលក់ដូរ រងរបួសស្រាល និងទី៣-ឈ្មោះ សៅ ភេទប្រុស អាយុ៤៨ឆ្នាំគេនៅពុំទាន់ស្គាល់អាស័យដ្ឋាន ជាអ្នកជិះម៉ូតូលក់ត្រីងៀតបានរងរបួសធ្ងន់គ្រាដែលចូលទៅជួយជនរងគ្រោះខាងលើ។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងទៀតថា នៅក្នុងករណីផ្ទុះហ្គាសនេះក្រៅពីមានមនុស្សរងរបួសនៅបានបំផ្លាញសំភារមួយចំនួនទៀតដូចជា ទូរដាក់តាំងសំលៀកបំពាក់១ និងទូរដាក់ខោអាវ១ ទូរទស្សន៍១២អ៊ីន១គ្រឿង កង្ហា២គ្រឿង និងកៅអី ព្រមទាំងសំភារមួយចំនួនទៀត។
បើតាមសាក្សីឃើញហេតុការណ៍នៅកន្លែងកើតហេតុបាននិយាយថា នៅមុនពេលកើតហេតុជនរងគ្រោះឈ្មោះ ឈន់ ប៊ុនថា បានបញ្ចូលហ្គាសពីធុងធំមកកំប៉ុងតូចបានចំនួន៤កំប៉ុងប៉ុន្តែភ្លេចដកក្បាលហ្គាសចេញទើបបណ្ដាលឲ្យផ្ទុះកំប៉ុងហ្គាសតូចតែម្ដង។ នៅពេលផ្ទុះនោះបណ្ដាលឲ្យអំបែងបំណែកកំប៉ុងហ្គាសទៅប៉ះនិងកំប៉ុងតូចៗផ្សេងទៀតបណ្ដាលឲ្យផ្ទុះជាបន្តបង្កឲ្យមានរបួសបែបនេះតែម្ដង។
សាក្សីបានបន្តថា នៅពេលដែលកំប៉ុងហ្គាសផ្ទុះឡើងនោះធ្វើឲ្យមានអណ្ដាតភ្លើងឆាបចេះផងដែរតែត្រូវបានប្រជាពលរដ្ឋនៅជិតៗនោះនាំគ្នាយកបំពុងពន្លត់អគ្គិភ័យជួយបាញ់បង្ក្រាបភ្លើងអស់ចំនួន៧បំពុង ហើយក៏មានរថយន្តបាញ់ទឹកចំនួន២គ្រឿងជួយបាញ់ពន្លត់ផងដែរ។ ស្ថិននៅក្នុងភាពច្របូកច្របល់នេះអ្នករងរបួសធ្ងន់និងស្រាលត្រូវបានសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានដឹកបញ្ជូនទៅសង្គ្រោះផងដែរ។
គួរបញ្ជាក់ថា ករណីផ្ទុះកំប៉ុងហ្គាសបែបនេះមិនមែនជាលើកទី១ទេ គឺកើតឡើងជាញឹកញាប់បង្កឲ្យមនុស្សរងរបួសធ្ងន់ស្រាលនិងធ្វើឲ្យលំនៅដ្ឋានរបស់ប្រជាពលរដ្ឋឆេះទៀតផង ពិសេសនៅផ្ទះលក់និងបញ្ចូលហ្គាសក៏ដូចជានៅតាមផ្ទះនិងភោជនីយដ្ឋានជាដើមដោយសារខ្វះការប្រុងប្រយ័ត្ន៕
ដោយ៖ ស្អាងជ័យ