ខេត្តកណ្ដាល៖ ផ្ទះឈើមួយខ្នងសង់អំពីឈើប្រក់ស័ង្កសីជញ្ជាំងស្លឹកមានទំហំ៦ម៉ែត្រគុណនឹង៤ម៉ែត្រត្រូវបានព្រះអគ្គីឆេះបំផ្លាញទាំងស្រុងដោយតែម្ចាស់ផ្ទះពន្លត់ភ្លើងចង្ក្រានមិនអស់ធ្វើឲ្យកម្ទេចភ្លើងត្រូវខ្យល់ប៉ើងដល់ជញ្ជាំងស្លឹកបណ្ដាលឲ្យឆេះផ្ទះយ៉ាងសន្ធោសន្ធៅតែម្ដង។
អគ្គិភ័យនេះកើតមានឡើងនៅវេលាម៉ោង១០និង២០យប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ នៅភូមិសំរោង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល ដែលមានម្ចាស់ផ្ទះឈ្មោះ ជុំ យន ភេទប្រុសអាយុ៥៤ឆ្នាំ មុខរបរកសិករ មានប្រពន្ធឈ្មោះ សុន ភឿន អាយុ៥៨ឆ្នាំ ។
តាមការរៀបរាប់ពីម្ចាស់ផ្ទះបានឲ្យដឹងថា មុនពេលកើតហេតុក្រុមគ្រួសាររបស់គាត់បានរៀបចំហូបអាហារពេលល្ងាចជួបជុំគ្រួសារដូចថ្ងៃធម្មតាបន្ទាប់ពីបានដាំស្លរួចទៅហើយនោះ ។ បន្ទាប់ពីហូបអាហារពេលល្ងាចរួចក៏បាននាំគ្នាដេកមើលទូរទស្សន៍ ហើយក្រោយមកក៏ដេកលង់លក់យ៉ាងស្កប់ស្កល់។ លុះមកដល់ម៉ោងកើតហេតុខាងលើស្រាប់តែមានអ្នកភូមិស្រែកថា ភ្លើងឆេះផ្ទះៗ ពួកគាត់បានក្រោកពីដំណេកក្រឡេកមើលផ្ទះបាយស្រាប់តែមានអណ្ដាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅពេញបន្ទុកទៅហើយ ក៏នាំគ្នាប្រមូលឥវ៉ាន់ក្នុងផ្ទះបានបន្តិចបន្តូចរត់ចេញមកក្រៅ ហើយស្រែកឲ្យអ្នកភូមិជួយ ប៉ុន្តែដោយសារភ្លើងឆេះយ៉ាងខ្លាំងនាំគ្នាយកទឹកទៅជះពន្លត់មិនបានសម្រេចឡើយ ទើបធ្វើឲ្យអគ្គិភ័យបំផ្លាញផ្ទះឈើមួយខ្នងនេះទាំងស្រុង។
ម្ចាស់ផ្ទះបានរៀបរាប់ឲ្យដឹងទៀតថា អគ្គិភ័យនេះសង្ស័យកើតឡើងដោយសារភ្លើងចង្ក្រានដែលពួកគាត់ពន្លត់មិនអស់ទើបបំផ្លាញផ្ទះទាំងស្រុងដោយក្នុងនោះខូចខាត រោងបាយ១ ទូរទស្សន៍សខ្មៅ១គ្រឿង អាគុយ១គ្រឿង ប្រាក់រៀលចំនួន៣ម៉ឺនរៀល ព្រមទាំងសំភារផ្សេងៗទៀតជាច្រើន។ ជាមួយនេះដែរក៏បានរាលដាលឆេះជញ្ជាំងផ្ទះឈ្មោះ វេង យាន ភេទប្រុស អាយុ៦២ឆ្នាំ បណ្ដាលឲ្យខូចខាតសម្ភារនៅជាប់នឹងជញ្ជាំងនោះផងដែរ៕
ដោយ៖ តុងឡេង