ខេត្តព្រះសីហនុ៖ លោក ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងមកនេះ បានអញ្ជើញជួប សំណេះសំណាលជាមួយសមាគម៉ូតូកង់បី នៃសាខាសមាគមសម្ព័ន្ធសេដ្ឋកិច្ច រ៉ឺម៉កសន្តិភាព និងសមាគមរួមគ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជាចំនួន ៤០០ នាក់ នៅសាលាដុនបូស្កូ ដែលមានទីតាំងនៅសង្កាត់លេខ ៤ ក្រុង/ខេត្តព្រះសីហនុ ។
លោក គួច ចំរើន បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដល់បងប្អូននៅក្នុងសមាគមម៉ូតូកង់បី នៃសាខាសមាគមសម្ព័ន្ធសេដ្ឋកិច្ច-រ៉ឺម៉កសន្តិភាព និងសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ដែលបានចូលរួមនាពេលនេះ និងជូនពរឱ្យរកទទួលទានមានបានទាំងអស់គ្នា ព្រមទាំងចូលរួមការពារសន្តិភាព ដើម្បីបង្កើតមុខរបររបស់យើងបន្ថែមទៀត។
លោក អភិបាលខេត្តបានមានប្រសាសន៍បន្តឲ្យដឹងទៀតថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំរំដោះប្រទេសជាតិឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើន មកដល់បច្ចុប្បន្ននេះ បង្កើតបានការងារជូនបងប្អូនយើង ពិសេសយុវជនមានការងារ បង្កើនចំណូល កាត់បន្ថយភាពក្រីក្រនៅក្នុងគ្រួសារនិងសង្គមជាតិ ជាក់ស្តែងនៅខេត្តព្រះសីហនុ សម្តេចតេជោបានធ្វើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ បន្ទប់ទឹកសាធារណៈ អាងប្រព្រឹត្តកម្មទឹកកខ្វក់ និងសមិទ្ធផលជាច្រើន ប្រកបដោយសោភ័ណភាព និងបរិស្ថានល្អ។ ហើយការអភិវឌ្ឍទាំងនេះ គឺជួយបង្កើតការងារជូនយុវជនយើងកាន់តែច្រើនបន្ថែមទៀត និងបង្កើតផលរបរជូនប្រជាពលរដ្ឋ ព្រមទាំងផ្តល់ឱកាសឱ្យបងប្អូនប្រកបមុខរបរម៉ូតូកង់បី និងរឺម៉កសន្តិភាពដែលទទួលបានលទ្ធផលល្អដូចថ្ងៃនេះ។ជាមួយគ្នានេះផងដែរ លោក អភិបាលខេត្ត បានសំណូមពរដល់បងប្អូនរត់ម៉ូតូឌុប-ម៉ូតូកង់បី និងរ៉ឺម៉កសន្តិភាពទាំងអស់សូមជួយរាយការណ៍ករណីប្រទះឃើញមុខសញ្ញាចោរឆក់ ចោរលួចនៅតាមដងផ្លូវនិងទីសាធារណៈ តាមរយៈលេខទូរស័ព្ទ Hot Line ដើម្បីសមត្ថកិច្ចចេញអន្តរាគមន៍បានទាន់ពេលវេលា។
លោក អភិបាលខេត្តក៏ អំនាវពាវដល់បងប្អូន រត់ម៉ូតូឌុប និងម៉ូតូកង់បី ប្រសិនបើមានករណីភ្ញៀវមានការជ្រុះរបស់នៅលើម៉ូតូរបស់ខ្លួន សូមជួយប្រគល់ជូនម្ចាស់គេវិញផង ហើយការប្រគល់នេះ ជាទង្វើល្អ ស្តែងចេញពីគុណធម៌ និងគុណតម្លៃរបស់បងប្អូន ព្រមទាំងបានផ្តល់នូវទំនុកចិត្ត និងភាពកក់ក្តៅដល់ភ្ញៀវទេសចរជាតិនិងភ្ញៀវបរទេសមកលេងកម្សាន្តនៅខេត្តរបស់យើងកាន់តែច្រើនឡើងបន្ថែមទៀត៕
ដោយ៖ ឆ្លាមសមុទ្រ