ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ ឱ្យបានជ្រាបថា៖ ប្រសិនបេីសាធារណជនមានបញ្ហាគ្រោះអគ្គិភ័យកេីតឡេីងដោយប្រការណាមួយនោះ សូមធ្វេីការរាយការណ៍មកកាន់លេខ 666 ភ្លាមៗ កម្លាំងជំនាញរបស់យេីងនឹងចេញរថយន្តពន្លត់អគ្គិភ័យដេីម្បីជួយសង្គ្រោះឱ្យបានទាន់ពេលវេលា។
សូមជម្រាបថា លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការអញ្ជេីញចូលរួមពីសំណាក់តំណាងស្ថានទូតជប៉ុន និងគ្រូបង្វឹក កាលពីថ្ងៃទី២៩ ខែវិច្ឆិកាម្សិលមិញនេះ បានអញ្ជេីញបេីកវគ្គបណ្តុះបណ្តាលរៀនបើករថយន្តពន្លត់អគ្គិភ័យថ្មី ដែលជាជំនួយរបស់ប្រជាជនជប៉ុនដល់មន្ត្រីជំនាញពន្លត់អគ្គិភ័យទាំងអស់ចំណុះឱ្យការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ដោយនៅក្នុងការអញ្ជេីញបេីកវគ្គបណ្តុះបណ្តាលនេះដែរ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យក៏បានប្រាប់ឱ្យដឹងថា ដេីម្បីឱ្យមន្ត្រីជំនាញពន្លត់អគ្គិភ័យទាំងអស់ត្រូវចេះអំពីវិធីសាស្ត្រក្នុងការប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យប្រភេទថ្មី ដែលជាអំណោយរបស់ប្រជាជនជប៉ុនតាមរយៈសាលារាជធានីភ្នំពេញ។ដោយនៅក្នុងការបណ្តុះបណ្តាលនេះដែរ គឺដេីម្បីឱ្យមន្ត្រីជំនាញពន្លត់អគ្គិភ័យត្រូវចេះប្រើប្រាស់រថយន្តខាងលើ ដើម្បីប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយអគ្គិភ័យ។
លោកវរសេនីយ៍ឯក នាយការិយាល័យ បានបន្តថា មន្ត្រីជំនាញពន្លត់អគ្គិភ័យទាំងអស់ ត្រូវតែយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុតសម្រាប់ការប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យទាំងនោះ ក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
លោកវរសេនីយ៍ឯក ក៏បានក្រើនរំលឹកចំណុះការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ និងបណ្តាគោលដៅដែលបានប្រចាំការទាំងអស់ ត្រូវតែបង្កើនការយកចិត្តទុកដាក់លើការងារជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងត្រូវតាមដានពីសុខទុក្ខរបស់មន្ត្រីក្រោមឱវាទដើម្បីរួមគ្នាដោះស្រាយសម្រាលទាំងបញ្ហាជីវភាព សុខុមាលភាពជូនពួកគាត់ និងពង្រឹងការអនុវត្តវិន័យរបស់កងកម្លាំង ការប្រចាំការ ត្រៀមចុះជួយប្រជាពលរដ្ឋក្នុងករណីមានគ្រោះអគ្គិភ័យដែលអាចកើតឡើងជាយថាហេតុ និងមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងរំលឹកដល់មន្ត្រីនគរបាលទាំងអស់បន្តយកចិត្តទុកដាក់ការពារសុខភាព ដើម្បីជៀសផុតពីការឆ្លងជំងឺកូវីដ-១៩ តាមវិធានសុខាភិបាល ជាពិសេសវិធានការ ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល៕ដ
ដោយ៖សហការី