កម្ពុជា-វៀតណាម តែងតែជួយគ្នាទៅវិញទៅមកគ្រប់កាលៈទេសៈ ស្របតាមទិសស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង»

ចែករំលែក៖

ភ្នំពេញ​៖​ ប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លោកស្រី​កិត្តិសង្គហបណ្ឌិត ម៉ែន សំអន​ បានជួបជាមួយ លោកស្រី​ ប៊ួយ ធី មិញ ហាយ ប្រធានគណៈចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ដើម្បីពិភាក្សាអំពីចំណងមិត្តភាព កិច្ចសហប្រតិបត្តិការទ្វេភាគី និងទិសដៅកិច្ចសហប្រតិបត្តិការទៅថ្ងៃអនាគត រវាងគណបក្សទាំងពីរ តាមប្រព័ន្ធវីដេអូ។

ជំនួបរវាងស្ថាប័នទាំងពីរ បានឆ្លុះបញ្ចាំងពីទំនាក់ទំនងជាប្រពៃណីដ៏យូរអង្វែងរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ដែលតែងតែជួយគ្នាទៅវិញទៅមកគ្រប់កាលៈទេសៈ ស្របតាមទិសស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង»។

នៅក្នុងជំនួបនេះ ទន្ទឹមនឹងការទទួលស្វាគមន៍យ៉ាងកក់ក្តៅទៅវិញទៅមក លោកស្រី​កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានសម្តែងនូវការអបអរសាទរចំពោះជោគជ័យដ៏ត្រចះត្រចង់នៃមហាសន្និបាតលើកទី១៣របស់គណបក្សកុម្មុយនីស្តវៀតណាម ដែលបានដាក់ចេញនូវភារកិច្ច និងយុទ្ធសាស្ត្រសំខាន់ៗសម្រាប់ដឹកនាំប្រទេស នៅក្នុងរយៈពេល៥ឆ្នាំខាងមុខ និងជាពិសេសសូមជូនពរឱ្យប្រទេសវៀតណាមសម្រេចបាននូវគោលដៅ«ក្លាយទៅជាប្រទេសអភិវឌ្ឍន៍ មានចំណូលខ្ពស់នៅឆ្នាំ២០៤៥» ។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំប្រតិភូវៀតណាម លោកស្រី​ ប៊ួយ ធី មិញ ហាយ ក៏បានធ្វើអបអរសាទរដល់កម្ពុជា ចំពោះការរៀបចំកិច្ចប្រជុំអាស៊ី-អឺរ៉ុប បានដោយជោគជ័យ ព្រមទាំងចូលរួមអបអរសាទរដល់កម្ពុជាដែលបានដាក់ចេញ ក៏ដូចជាអនុវត្តនូវយន្តការនានាយ៉ាងមានប្រសិទ្ធភាពក្នុងការកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសការចាក់វ៉ាក់សាំងបានគ្រប់គោលដៅដែលបានគ្រោងទុក ជូនប្រជាពលរដ្ឋទូទាំងប្រទេស ព្រមទាំងមន្ត្រីនៃស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាផងដែរ។

នៅចុងបញ្ចប់នៃជំនួបនារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តលើលទ្ធផលជាផ្លែផ្កា ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការពូនជ្រុំទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពដ៏រឹងមាំ ភាពជា អ្នកជិតខាងល្អ និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕

...

ដោយ៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print