មណ្ឌលគិរី៖ សេចក្ដីរាយការណ៍ពីពលរដ្ឋរស់នៅស្រុកពេជ្រាដាបានឲ្យដឹងថាយ៉ាងហោចណាស់ក្នុងមួយយប់ក៏មានរថយន្ត ម៉ាកឡង់គ្រីស័រ លុច្សស៊ីសRX300 ហាយឡិនឌ័រនិងកាមរីបាន ដឹកជញ្ជូនឈើប្រណិតឆ្លងដែនទៅលក់នៅប្រទេសវៀតណាមតាមច្រកទ្វារទ្វេរភាគីណាំ លៀ(ហៅប៉ុស្តិ៍ប្រាំពីរ)ស្ថិតក្នុងភូមិវ៉ាយោង ឃុំប៊ូស្រា ស្រុកពេជ្រាដាខេត្តមណ្ឌលគិរី។ អាជ្ញាធរស្រុកពេជ្រាដាបានប្រាប់ឲ្យដឹងថាបទល្មើសឈើប្រណិតឆ្លងដែនកំពុងកើតមាន យ៉ាងពេញបន្ទុក មិនមានសមត្ថកិច្ចណាបង្ក្រាបនោះឡើយព្រោះមានការសហការគ្នាបានយ៉ាងល្អជាមួយសមត្ថកិច្ច សម្រាប់ការនាំយកឈើទៅលក់នៅប្រទេសវៀត ដែលច្រកទ្វាចេញបទល្មើសទាំងនោះគ្រប់គ្រង់ដោយ លោក សំរិទ្ធ ណយ ហើយការនាំឈើប្រណិតចេញទៅលក់នៅក្រៅប្រទេសនេះទៀតសោត ត្រូវបានគេដឹងថា លោកមេប៉ុស្តិ៍បាន រៀបចំពេលវេលាយ៉ាងច្បាប់លាស់ ដើម្បីបំភ័នភ្នែកសមត្ថកិច្ចជំនាញដែលចុះទៅបង្ក្រាប និងអ្នកសារព័ត៌មានដែលចុះទៅប្រម៉ាញ់យករូបភាព ។
ជាក់ស្តែង កាលពីវេលាម៉ោង៤ធៀបភ្លឺថ្ងៃទី០១ កក្កដា ២០១៥ រថយន្តដឹកឈើល្មើសច្បាប់ពីរគ្រឿងសង្ស័យបម្រុងលោតឆ័ត្រឆ្លងដែនទៅប្រទេសវៀតណាមតាមច្រកទ្វារទ្វេរ ភាគីណាំលៀ (ហៅប៉ុស្តិ៍ប្រាំពីរ) ត្រូវបានកម្លាំងជំនាញខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរីស្ទាក់ចាប់បាន ត្រង់ចំណុចភូមិវ៉ា យោង ស្ថិតក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី និងបានរឹប អូសរថយន្តល្មើសទាំងពីរគ្រឿងមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃ ដើម្បីចាត់ការបន្តតាមនីតិវិធី ។
មន្ត្រីរដ្ឋបាលព្រៃឈើបានឲ្យដឹងថា រថយន្តទាំងពីរដែលបង្ក្រាបបានគឺម៉ាកឡិចស៊ីសមួយគ្រឿង និងម៉ាកហាយលែ នឌ័រមួយគ្រឿង មានផ្ទុកឈើប្រណិតប្រភេទនាងនួនសរុប២៨កំណាត់ ក្នុងនោះរថយន្តឡិចស៊ីសមានផ្ទុក១៤កំណាត់ រថយន្តម៉ាកហាយលែនឌ័រ មានផ្ទុក១៤កំណាត់ ហើយមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើស្ទាក់ចាប់រថយន្តល្មើសទាំងពីរបាន គ្រា ដែលរថយន្តដឹកឈើទាំងពីរនេះកំពុងបោះពួយមានទិសដៅឆ្ពោះទៅច្រកព្រំដែនប៉ុស្តិ៍ប្រាំពីរ ។
ពាក់ព័ន្ធនិងករណីនេះអ្នកយកព៍ត័មាន យើងមិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេពី លោក សំរិទ្ធ ណយនៅល្ងាចថ្ងៃទី១កក្កដា២០១៥នេះ ដោយទូរស័ព្ទរបស់លោកមិនអាចទំនាក់ទំនង បាន ៕