នៅពេលករណីឆ្លងកូវីដ-១៩នៅអាមេរិកកើនឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ ដោយនៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ មានមនុស្សសរុប១០៦,៨៧៦នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈដែលអ្នកជំងឺ ១,៤៣៨នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា ។ ចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤៩,៤២៨,៩១៣ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៨០៣,០៤៥នាក់ និងជាសះស្បើយឡើងសរុប ៣៩.២លាននាក់។
ដោយសារតែការឆ្លងរាលដាលកូវីដ -១៩កើនឡើង ជាមួយនេះក៏មានវីរុសបំប្លែងថ្មី Omicron មកពីអាហ្វ្រិកខាងត្បូង បានជំរុញឱ្យអាមេរិកអនុម័តប្រើប្រាស់ថ្នាំព្យាបាលជាបន្ទាន់របស់ក្រុមហ៊ុន Merck ។
គណៈកម្មាធិការក្រុមអ្នកជំនាញសុខាភិបាល តែងតាំងដោយរដ្ឋាភិបាលអាមេរិកបានបោះឆ្នោតអនុម័តដោយផ្ដល់អនុសាសន៍ឱ្យប្រើប្រាស់ថ្នាំគ្រាប់ព្យាបាល COVID-19 របស់ក្រុមហ៊ុន Merck សម្រាប់អ្នកជំងឺជាមនុស្សពេញវ័យដែលប្រឈមមុខនឹងហានិភ័យខ្ពស់ ដែលនេះនឹងក្លាយជាការត្រួសត្រាយផ្លូវមួយក្នុងការបង្កើនការប្រយុទ្ធប្រឆាំងនឹងវីរុសបំប្លែងថ្មីៗ រួមទាំង Omicron ផងដែរ។
គណៈកម្មាធិការក្រុមអ្នកជំនាញសុខាភិបាល នៃរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក FDA បានបោះឆ្នោតអនុម័តផ្ដល់អនុសាសន៍ខាងលើក្នុងសំឡេងគាំទ្រ១៣សំឡេង ទល់នឹង ១០សំឡេងជំទាស់។ ចំណែកឯ FDA ដែលបានបើកកិច្ចប្រជុំមួយ កាលពីថ្ងៃអង្គារសប្ដាហ៍នេះត្រូវបានគេរំពឹងថា នឹងផ្ដល់ការអនុញ្ញាតឱ្យប្រើជាបន្ទាន់នូវថ្នាំគ្រាប់ព្យាបាល COVID-19 ក្នុងពេលឆាប់ៗនេះ។
ថ្នាំព្យាបាល Molnupiravir របស់ក្រុមហ៊ុនផលិតឱសថអាមេរិក Merck ក៏ទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់នៅក្នុងចក្រភពអង់គ្លេសរួចហើយដែរ។ ថ្នាំនេះត្រូវបានគេរាយការណ៍ថា មានប្រសិទ្ធភាពកាត់បន្ថយអត្រាចូលសម្រាកក្នុងមន្ទីរពេទ្យ និងអត្រាស្លាប់ចំពោះអ្នកជំងឺ COVID-19 ៕ដោយសាធី
រូបថត៖Reuters.