យ៉ាងហោចណាស់ក៏មានមនុស្ស ១៣នាក់ស្លាប់ និងបាត់ខ្លួនជាច្រើននាក់ទៀតដោយសារគ្រោះទឹកជំនន់បាក់ដីនៅក្នុងខេត្ត ភូអៀង និងប៊ិញឌិញ។ ផ្លូវថ្នល់ជាច្រើនត្រូវបានកាត់ផ្តាច់ ។
អាជ្ញាធរវៀតណាមនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នេះបានរាយការណ៍ឱ្យដឹងថា យ៉ាងហោចណាស់ក៏មានមនុស្សចំនួន១៨នាក់ដែរបានបាត់ខ្លួន បន្ទាប់ពីគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារភាគកណ្តាល នៃប្រទេសវៀតណាម។ ផ្ទះសម្បែងជាច្រើនខ្នងត្រូវបានបំផ្លាញ ខណៈផ្លូវថ្នល់ជាច្រើនខ្សែ ក៏ត្រូវបានរងការខូចខាតផងដែរ។
មកទល់ថ្ងៃទី២ខែធ្នូ កម្រិតទឹកជំនន់បានស្រកចុះវិញ ហើយកិច្ចខិតខំប្រឹងប្រែងបាននិងកំពុងដំណើរការ ដើម្បីស្វែងរកអ្នកបាត់ខ្លួន ខណៈផ្លូវថ្នល់មួយចំនួនត្រូវបានកាត់ផ្ដាច់។ អាជ្ញាធរវៀតណាមបានបន្ថែមថា ខេត្ត ភូអៀង (Phu Yen), ប៊ិញ ឌិញ (Binh Dinh) និង ដាក់ ឡាក់ (Dak Lak) បានរងការវាយប្រហារខ្លាំងបំផុតដោយគ្រោះទឹកជំនន់បានជន់លិច និងបំផ្លាញផ្ទៃដីវាលស្រែប្រមាណ ៧៨០ហិកតា។
ប្រទេសវៀតណាមងាយនឹងរងការវាយប្រហារដោយព្យុះភ្លៀង និងទឹកជំនន់ខ្លាំងណាស់ ដោយសារតំបន់ឆ្នេរសមុទ្រនៃប្រទេសនេះមានប្រវែងវែង។ គ្រោះធម្មជាតិដែលភាគច្រើនជាគ្រោះទឹកជំនន់ និងបាក់ដី ដែលបង្កឡើងដោយព្យុះភ្លៀង បានសម្លាប់មនុស្សចំនួន ៣៧៨នាក់កាលពីឆ្នាំ២០២០៕ ដោយសាធី