នៅថ្ងៃទី ០៣ខែធ្នូ រដ្ឋាភិបាលតាលីបង់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានចេញច្បាប់ស្តីពីសិទ្ធិរបស់ស្ត្រី ក្នុងនោះមានបញ្ជាក់យ៉ាងច្បាស់ថា មិនត្រូវចាត់ទុកស្ត្រីជា«ទ្រព្យសម្បត្តិ» ហើយការរៀបអាពាហ៍ពិពាហ៍ គឺត្រូវតែទទួលបានការយល់ព្រមពីស្ត្រី មិនត្រូវបង្ខំនោះឡើយ។
ច្បាប់ខាងលើ ក៏បានបញ្ជាក់ផងដែរថា ស្ត្រីទទួលបានការចែកទ្រព្យសម្បត្តិពីប្តីស្លាប់។ តុលាការក៏ត្រូវតែពឹងផ្អែកទៅលើច្បាប់ថ្មីស្តីពីសិទ្ធិរបស់ស្ត្រី ក្នុងការកាត់ក្តីនានាពាក់ព័ន្ធស្ត្រី។ នៅក្នុងសាសនាក៏ត្រូវតែអនុវត្តផងដែរ។ ប៉ុន្តែច្បាប់ថ្មីមិនបានបញ្ជាក់ថា ស្ត្រីអាចទទួលបានការសិក្សាអបរំដែរឬទេស និងចេញទៅធ្វើការដូចជាបុរស។
ក្រោយពេលក្រុមតាលីបង់ គ្រប់គ្រងអាហ្វហ្គានីស្ថាន នៅពាក់កណ្តាលខែសីហាឆ្នាំ២០២១មក ក្រុមនេះបានប្រកាសថានឹងមិនគ្រប់គ្រងតឹងតែង ដូចសម័យកាលគ្រប់គ្រងឆ្នាំ ១៩៩៦-២០០១។ មិនតែប៉ុណ្ណោះនឹងបើកសាលារៀនដាច់ដោយឡែកសម្រាប់ស្ត្រី ក៏ដូចជាអនុញ្ញាតឲ្យចួលរួមក្នុងសកម្មភាពសង្គម ក៏ដូចជាក្នុងជួររដ្ឋាភិបាលផងដែរ ។ ប៉ុន្តែរដ្ឋាភិបាលបណ្តោះអាសន្នរបស់តាលីបង់ដែលបានបង្កើតឡើងកាលពីដើមខែកញ្ញា គឺមិនមានស្ត្រីចូលរួមនោះឡើយ។
បច្ចុប្បន្នតាលីបង់កំពុងប្រឈមនឹងគំនាបពីសហគមន៍អន្តរជាតិ ហើយបើរដ្ឋាភិបាលតាលីបង់ ផ្តល់សិទ្ធិមូលដ្ឋានដល់ស្ត្រីអាហ្វហ្គានីស្ថាន សហគមន៍អន្តរជាតិនិងសហការ បង្កើតទំនាក់ទំនងជាមួយក្រុមតាលីបង់៕ ដោយ៖ធីរីណា
ស្ត្រីអាហ្វហ្គានីស្ថានរង់ចាំដកប្រាក់នៅខាងក្រៅធនាគារក្នុងក្រុងកាប៊ុល ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០២១។ រូបថត៖ ttxvn