ភ្នំពេញ ៖ មានករណីអគ្គិភ័យមួយបណ្តាលមកពីផ្ទុះធុងហ្គាសឆាបឆេះផ្ទះជួលលក់អីវ៉ាន់ចាប់ហួយមួយកន្លែងយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យឆេះបុរសម្នាក់ស្លាប់ ក្នុងបន្ទប់ទឹក និងឆាប់ឆេះសម្ភារៈអស់ទាំងស្រុង។ ហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង១៥នាទីល្ងាច ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចផ្ទះជួល ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលត្រូវបានភ្លើងឆេះស្លាប់ មានឈ្មោះ ហ៊ីង សំអុន ភេទប្រុស អាយុ ៥៤ឆ្នាំ ជាអ្នករត់ម៉ូតូឌុប និងលក់អីវ៉ាន់ចាបហួយ។ ចំណែកឯ ប្រពន្ធមានឈ្មោះ ច្រឹប ភេទស្រី អាយុ ៣៨ឆ្នាំ មានមុខរបរលក់អីវ៉ាន់ចាបហួយ មានកូនប្រុស១ ស្រី១ នៅក្នុងបន្ទុក។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឮសម្លេងផ្ទុះធុងហ្គាសយ៉ាងខ្លាំង រួចភ្លើងបានឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ ខណៈពេលនោះ ក៏បានឃើញស្រ្តី ជាម្ចាស់ផ្ទះ បានរត់ចេញមកក្រៅស្រែកអោយគេជួយ ហើយបានស្រែកថា ផ្ទុះធុងហ្គាសឆាបឆេះជាប់ប្តីរបស់គាគ់នៅខាងក្នុងផ្ទះ បន្ទាប់មកបងប្អូនប្រជាពលរដ្ឋ បានរាយការណ៍ទៅខាងសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកពិនិត្យមើលជាក់ស្ដែង។ រួចហើយភ្លាមៗនោះ សមត្ថកិច្ចមូលដ្ឋាន ក៏បានធ្វើការទំនាក់ទំនងទៅខាងរថយន្តពន្លត់អគ្គិភ័យឱ្យចេញរថយន្ត ចុះមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ និងបាននាំគ្នា វាយទំលុះជញ្ជាំងចូលបាញ់ពន្លត់ រួចក៏បានប្រទះឃើញបុរសជាប្តី ត្រូវបានភ្លើងឆេះដេកស្លាប់ក្នុងបន្ទប់ទឹកបាត់ទៅហើយ។ សម្រាប់សម្ភារៈខូចខាតរួមមាន ប្រភេទសំណង់ ថ្មប្រក់ស័ង្កសី ទំហំ ៤ម៉ែត្រ គុណ ៦ម៉ែត្រ ឆេះផ្ទះលក់ឥវ៉ាន់ចាប់ហួយទំហំ ៤ម៉ែត្រ គុណ ៦ម៉ែត្រ អស់ទាំងស្រុង និងបានឆាបឆេះរាលដាលដល់បន្ទប់ជួលទំហំ ៤ម៉ែត្រ គុណ ៤ម៉ែត្រ អស់ទាំងស្រុង។
សូមបញ្ជាក់ថា ក្នុងប្រតិបត្តិការជួយសង្គ្រោះនេះ កម្លាំងនគរបាលបង្ការ និងពន្លត់អគ្គិភ័យ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបទាំងអស់ចំនួន៩គ្រឿង ប្រើប្រាស់ទឹកអស់២៤ម៉ែត្រគូប ដោយប្រើរយៈពេល៣០នាទី ដើម្បីធ្វើការបាញ់ទឹកពន្លត់ឱ្យរលត់ទៅវិញជាស្ថាពរនាថ្ងៃខែឆ្នាំដដែល៕ ដោយនិនសុភ័ស្ត