ខេត្តកណ្តាល៖ កម្មករ កម្មការិនីប្រមាណ២៣៣នាក់ ត្រូវបានថៅកែរោងចក្របញ្ឈប់ពីការងារ ខណៈកម្មករ កម្មការិនីទាំងនោះធ្វើកូដកម្មប្រមាណ១២ថ្ងៃ ដោយទាមទារលក្ខខណ្ឌ១១ចំណុចមិនបានសម្រេច។
ការបញ្ឈប់កម្មករដ៏ច្រើនមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជានេះគឺធ្វើឡើងនៅក្នុងបរិវេណរោងចក្រខាងលើ។ បើតាមការឲ្យដឹងពីកម្មការិនីរោងចក្រម្នាក់ដែលត្រូវគេបញ្ឈប់ សុំមិនបញ្ចេញឈ្មោះបានបង្ហើបឱ្យដឹងថា មូលហេតុដែលកម្មករប្រមាណជាង១.០០០នាក់ចេញមកធ្វើកូដកម្មមានរយះពេលជាង១០ថ្ងៃ គឺផ្តើមចេញ ពីថៅកែរោងចក្រ(និយោជក់) បានបណ្តេញកម្មករចំនួន៦នាក់មិនឱ្យធ្វើការ ដោយមិនបញ្ជាក់ពីមូលហេតុច្បាស់លាស់ ទើបបណ្តាលឲ្យកម្មករ និងកម្មការិនីប្រមាណជាង១.០០០នាក់ (មួយពាន់នាក់)ចេញមកតវ៉ាសុំឲ្យថៅកែរោងចក្រមួយនេះគោរពច្បាប់ការងារផង កុំខឹងស្អីជាមួយកម្មករដកផុយជាងដកស្ពៃទៀតនោះ ។
កម្មករម្នាក់ទៀតក៏បានឲ្យដឹងដែរថា ចំនួនលក្ខខណ្ឌដែលកម្មករសំណូមពរ និយោជក់ទទួលយកតែ៥០ភាគរយ នៅ៥០ភាគរយទៀតដែលនិយោជក់មិនទទួលយក ជាហេតុធ្វើឲ្យក្រុមកម្មករមិនព្រមបញ្ឈប់ធ្វើកូដកម្ម រហូតមកដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ទើបតំណាងមេធាវីប្រចាំរោងចក្រប្តឹងទៅតុលាការខេត្តកណ្តាល ដើម្បីសម្រេចដកកម្មករ កម្មការិនីណាដែលមិនព្រមចូលធ្វើការមុនថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ ក្រុមហ៊ុន និងបញ្ឈប់មិនឲ្យមានគំរូអាក្រក់ដល់កម្មករ និងកម្មការនីក្រោយៗទៀតទេ ។
ជុំវិញករណីដកបញ្ឈប់កម្មករ កម្មការិនីចំនួនច្រើននាក់យ៉ាងនេះ គេឃើញមាននៅតែរោងចក្រ កាត់ដេរសម្លៀកបំពាក់ ស៊ិចផ្លាស អ៊ិនដាស្ទ្រីនេះទេ បើទោះបីមានការអន្តរាគមន៍ពីលោកអភិបាលរងខេត្ត កណ្តាល និងតំណាងរាស្ត្រខេត្តកណ្តាល ជាពិសេសមន្ត្រីមកពីក្រសួងការងារក៏ដោយ ក៏សម្របសម្រួលមិនបានដែរ។
ករណីចម្រូងចម្រាស់នេះ គេសង្ឃឹមមានតែលោករដ្ឋមន្ត្រីក្រសួងការងារ និងរាជរដ្ឋាភិបាលចេញអន្តរាគមន៍ប៉ុណ្ណោះ ទើបអាចដោះស្រាយវិវាទនេះបាន ពីព្រោះនៅក្នុងស្រុកខ្មែរ មិនមានច្បាប់ណាដែលទាមសិទ្ធិ និងសំណូមពរហើយត្រូវនិយោជក់ដកគ្រវាត់ចោលដូច្នេះទេ ។ នេះវាអាចប៉ះពាល់ដល់សតិអារម្មណ៍របស់កម្មករ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណះ។ ថ្ងៃក្រោយ ពេលថៅកែមិនពេញចិត្តនឹងនិយោជិកមួយណា គាត់ដកចេញពីការងារដោយមិនបាច់រកមូលហេតុ។ នគរវត្តមិនអាចសុំការបំភ្លឺពីតំណាងរោងចក្របានទេ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ដោយទូរស័ព្ទចូលហើយមិនមានអ្នកលើក ៕ ឡូ សំអាត