យ៉ាងហោចណាស់ក៏មានមនុស្ស ៥នាក់ស្លាប់និង១៥នាក់រងរបួសដែរនៅ ក្នុងហេតុការណ៍រថយន្តមួយគ្រឿងបើកចូលក្នុងហ្វូងបាតុករប្រឆាំងរដ្ឋាភិបាល។ ហេតុការណ៍ខាងលើកើតឡើងនៅព្រឹកថ្ងៃទី ៥ខែធ្នូ នៅក្នុងទីក្រុង Yangon ។
សារព័ត៌មានរ៉យទ័របានផ្សាយថា សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មានមនុស្សជាច្រើនរងរបួស ។ រូបភាពបង្ហោះលើបណ្តាញសង្គមបានបង្ហោញឱ្យឃើញថា មានមនុស្សដេកដួលពេញផ្លូវ ។
សារព័ត៌មានមីយ៉ាន់ម៉ា Myanmar Now បានផ្សាយថា មនុស្សជាច្រើននាក់ទៀតក៏បានទទួលរងរបួសផងដែរ ក្នុងហេតុការណ៍ខាងលើនេះ។ រូបភាពនិងឃ្លីបវីដេអូលើបណ្តាញសង្គមបានបង្ហាញឱ្យឃើញរថយន្តមួយគ្រឿងដែលបានបើកបុកក្រុមបាតុករ រួមជាមួយសាកសពមនុស្សនៅលើផ្លូវ។ ទោះជាយ៉ាងណាក្តី បាតុកម្មដាច់ដោយឡែកមួយទៀត ត្រូវបានធ្វើឡើងនៅទីក្រុងរ៉ង់ហ្គូនដដែល នារសៀលថ្ងៃអាទិត្យនេះ។
សកម្មភាពធ្វើបាតុកម្មនៅតែបន្តក្នុងប្រទេសមីយ៉ាន់ម៉ា បើទោះបីជាគិតចាប់តាំងពីរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមកទល់ពេលនេះ មានមនុស្សច្រើនជាង ១,៣០០នាក់ ត្រូវបានសម្លាប់ក៏ដោយ ក៏ខាងយោធាមីយ៉ាន់ម៉ា មិនទាន់ឃើញចេញមុខផ្តល់ការបកស្រាយអ្វីនៅឡើយទេ ជុំវិញហេតុការណ៍ខាងលើ៕ ដោយសាធី