គ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នាក្នុងយប់តែមួយមានមនុស្សស្លាប់ម្នាក់របួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នាក្នុងយប់តែមួយបណ្ដាលឱ្យមនុស្សម្នាក់ស្លាប់និងរបួសធ្ងន់ស្រាល៣នាក់បង្កដោយរថយន្តបុកអ្នកថ្មើរជើង និងម៉ូតូបុកជាមួយម៉ាស៊ីនកិនស្រូវចល័តនៅស្រុករំដួលនិងស្រុក​កំពង់​រោទ៍។

យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឱ្យដឹងថា ករណីទី១បានកើតឡើងកាលពីវេលាម៉ោង៨និង២២នាទីយប់ថ្ងៃទី០៥ ខែ ធ្នូ ឆ្នាំ២០២១ នៅចំណុចលើផ្លូវជាតិលេខ ១៣ ស្ថិតក្នុងភូមិក្រូច ឃុំជ្រុងពពេល ស្រុករំដួល ដោយមានបុរសម្នាក់ឈ្មោះរស់ ស៊ីណា  អាយុ៣៥ឆ្នាំ រស់នៅភូមិព្រះអង្គកែវ ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀងដែលគាត់ជាមនុស្សមានសតិមិនគ្រប់បានដើរថ្មើរជើងតែម្នាក់ឯង ពេលនោះស្រាប់តែមានរថយន្តមិនស្គាល់ម៉ាកបើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណដែលបើកទិសដៅស្របគ្នាបានបុកជនរងគ្រោះយ៉ាងពេញទំហឹងបណ្ដាលឱ្យស្លាប់តែម្ដង។

បច្ចុប្បន្នអ្នកបើករថយន្តសមត្ថកិច្ចកំពុងតែស្រាវជ្រាវបន្តដើម្បីឃាត់ខ្លួនយកមកចាត់ការបន្តតាមច្បាប់។

ករណីទី២បានកើតឡើងកាលពីវេលាម៉ោង៦​និង​៣០​នាទីល្ងាចថ្ងៃទី៥ខែធ្នូឆ្នាំ២០២១ លើផ្លូវជាតិលេខ៣៣៤​ស្ថិតក្នុងភូមិ​ពោធិ៍ ឃុំ​ខ្សែត្រ ស្រុក​កំពង់​រោទ៍ ខេត្ត​ស្វាយរៀងមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយអ្នកបើកបរម៉ាស៊ីនកិនស្រូវមានឈ្មោះ ម៉ែនសង សុខិត អាយុ២៦ឆ្នាំ មុខ​របរកសិករ មានទីលំនៅភូមិត្រពាំងថ្នា ឃុំរាជមន្ទីរ ស្រុកកំពង់រោទ៍ខេត្តស្វាយរៀង បានបើកពីទិសខាងកើតទៅទិសខាងលិច ហើយពេលនោះម៉ាស៊ីនបោកស្រូវចល័តបានខូច ធ្វើឱ្យអ្នកបើកបរឈប់ចតអែបចិញ្ចើមថ្នល់។ខណ:នោះស្រាប់តែមានម៉ូតូ​មួយគ្រឿងម៉ាក​Honda Dream ពណ៌ខ្មៅ  ពាក់ស្លាកលេខព្រៃវែង១D-៦៩៥៣

​ជិះ​គ្នា​៣​នាក់ បើកបរដោយឈ្មោះ ស្រី ប៊ុនថួន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកសិករ និងអ្នករួមដំណើរ​ឈ្មោះ អ៊ុំ  សារិន ភេទស្រី អាយុ​៣៣​ឆ្នាំ​ត្រូវ​ជា​ប្រពន្ធ មុខ​របរកម្មករ​រោង​ចក្រ និងឈ្មោះ សៅ រំដួល ភេទស្រី អាយុ៩​ឆ្នាំ ត្រូវ​ជា​កូន មុខ​របរសិស្សនិង​ឈ្មោះសៅ ម៉ាលីន ភេទស្រីអាយុ​៦​ឆ្នាំត្រូវ​ជា​កូន មុខ​របរសិស្សអ្នក​ទាំង​៤មាន​ទី​លំនៅ​ភូមិព្រៃ​សង្កែ  ឃុំ​ខ្សែត្រ ស្រុក​កំពង់​រោទ៍ក៏បុកពីក្រោយពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុដោយម៉ាស៊ីន​កិន​ស្រូវ​ចល័ត​ខូចឈប់​ចត​លើ​ចិញ្ចើម​ផ្លូវ​គ្មាន​ដាក់សញ្ញា​សម្គាល់ទើបជួបករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើង។

បច្ចុប្បន្ន វត្ថុតាងទាំង២គ្រឿងសមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលខ្សែត្រដើម្បីដោះស្រាយតាមច្បាប់៕

 

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print