សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភា អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អតីតនាយករដ្ឋមន្ត្រីទី១ និងជាអតីតប្រធានរដ្ឋសភា នៅរសៀលថ្ងៃចន្ទ ទី៦ ខែធ្នូ ឆ្នាំ២០២១ នៅព្រះរាជដំណាក់ក្នុងរាជធានីភ្នំពេញ។

សម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ បានយាងសោយព្រះទិវង្គត កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលា ម៉ោង ៣:៤០នាទី ក្នុងព្រះជន្ម៧៧ព្រះវស្សា នៅប្រទេសបារាំង ។ ព្រះសព សម្តេចក្រុមព្រះ បានដង្ហែរមកពីប្រទេសបារាំង ដល់រាជធានីភ្នំពេញ នៅព្រឹកថ្ងៃអាទិត្យទី៥ ខែធ្នូ ឆ្នាំ២០២១ ដើម្បី ធ្វើបុណ្យទក្ខិណានុប្បទាន តាមគន្លងព្រះពុទ្ធសាសនា នាព្រះរាជតំណាក់ ស្ថិតនៅតាមបណ្តាយវិថី សម្តេចប៉ាន។

សម្តេចអគ្គមហាពញចក្រី ហេង សំរិន និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា សូមឧទ្ទិសឱនកាយវាចាចិត្តឧទ្ទិសបួងសួងដល់ព្រះវិញ្ញាណក្ខន្ធ សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ សូមព្រះអង្គយោងទៅកាន់ព្រះសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងបានចូលរួមរំលែកព្រះមរណទុក្ខជាមួយ ព្រះអង្គម្ចាស់ក្សត្រីយ៍ ជាព្រះជាយា និងព្រះបុត្រា បុត្រី ព្រមទាំងព្រះរាជវង្សានុវង្ស ប្រកបដោយ សេចក្តីទុក្ខសោកសង្វេគសោកស្តាយស្រណោះ អាឡោះអាល័យស្ទើររកទីបំផុតគ្មានចំពោះការបាត់បង់ សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ដែលជាព្រះឥស្សរជនខ្មែរដ៏ឆ្នើមមួយព្រះអង្គ ដែលមានស្នាព្រះហស្ថ និងបទពិសោធន៍ជាច្រើនចូលរួមកសាងជាតិ ប្រកបដោយព្រះសមត្ថភាព និងពេញព្រះហឬទ័យសេ្នហា ជាតិ សាសនា ព្រះមហាក្សត្រ រហូតដល់អវសានព្រះជន្ម៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print