ភ្នំពេញ៖ បុរសម្នាក់ត្រូវក្រុមចោរធ្វើសកម្មភាពវាយប្លន់យកម៉ូតូនិងកាបូបលុយទៅបាត់ដោយសុវត្ថិភាព បណ្ដាលឱ្យជនរងគ្រោះរងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៣ទៀបភ្លឺឈានចូលថ្ងៃអង្គារ ទី០៧ ខែធ្នូ ឆ្នាំ២០២១នេះ នៅត្រង់ចំណុចជិតបុរី ប៉េងហួត តាមបណ្តោយផ្លូវលេខ៥៩៨ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បុរសរងគ្រោះមានឈ្មោះ ហោ ប៉ុនលាភ អាយុ៤៤ឆ្នាំ ជាជាងជួសជុលរថយន្តនៅផ្លូវជាតិលេខ៣ ទល់មុខនឹងអង្គភាពង៧០ ស្នាក់នៅកន្លែងធ្វើការ មានស្រុកកំណើតនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក Honda scoopy ពណ៌ស ស៊េរីឆ្នាំ ២០២១ មិនចាំស្លាកលេខ ហើយម៉ូតូនោះ ជាម៉ូតូបង់រំលស់ទៀតផង ដោយជិះតែម្នាក់ឯងតាមបណ្ដោយផ្លូវលេខ៥៩៨ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុក៏លេចមុខជនសង្ស័យ០២នាក់ជិះម៉ូតូធំមួយគ្រឿង មកអែបជិត ហើយធាក់ជនរងគ្រោះឱ្យដួលម៉ូតូខ្ទាតទៅលើចិញ្ចើមផ្លូវ បែកមុខ បែកមាត់សន្លប់ស្ដូកស្ដឹង រួចហើយក្រុមជនសង្ស័យបានលូកយកកាបូបលុយនិងលើកម៉ូតូជិះត្រឡប់បកក្រោយទៅវិញបាត់ស្រមោល បន្សល់នូវជនរងគ្រោះដេកដួលសន្លប់ស្តូកស្តឹងតែម្នាក់ឯង រយៈពេលប្រហែល០២ម៉ោងទើបដឹងខ្លួន។
ដោយឡែកបេីតាមការបញ្ជាក់ពីបុរសរងគ្រោះបានឱ្យដឹងថា រូបគាត់បានចេញពីកន្លែងធ្វើការនៅមុខ(អង្គភាពង៧០) ទៅផ្ទះបងប្អូនជួបជុំផឹកស៊ីនៅជិតផ្សារហេងលី។ ក្រោយពីផឹកស៊ីស្រវឹងហើយក៏ត្រឡប់ទៅកន្លែងស្នាក់នៅវិញនៅវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១នេះ ស្រាប់តែជិះវង្វេងផ្លូវ ក៏ជួបនឹងជនសង្ស័យចំនួន២នាក់មកធ្វេីសកម្មភាពព្រួតវាយរូបគាត់រួចប្លន់យកម៉ូតូ និងកាបូបលុយរបស់គាត់ហេីយគេចខ្លួនបាត់តែម្តង។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ ចុះទៅជួយធ្វើអន្តរាគមន៍នាំយកមកដាក់ពាក្យបណ្ដឹង ដើម្បីកំណត់មុខសញ្ញានិងស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យ យកមកផ្តន្ទាទោសទៅតាមច្បាប់ ៕
ដោយ៖ អរុណរះ