បុរស​ម្នាក់​ ស្រវឹងស្រាបើក​រថយន្តឈប់ដេកលក់មួយភាំង ពេលដឹងខ្លួនស្រាប់តែបាត់…

ចែករំលែក៖

​ភ្នំពេញ៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយបានកេីតឡេីង​ បន្ទាប់ពី​បុរស​ម្នាក់​បើកបរ​រថយន្តមួយគ្រឿង​ហា​យ​លែ​ន​ឌ័​រ​ ក្នុង​ស្ថានភាព​ស្រវឹងស្រាជោគជាំ​ មិន​អាច​បន្តដំណើរ​ទៅ​មុខ​ទៀត​ ​ក៏​បានឈប់​រថយន្ត​លើ​ចិញ្ចើម​ផ្លូវ​ដេក​លង់លក់​មួយភាំង ស្រាប់​តែ​មានជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​មក​បើកទ្វារ​រថយន្ត​លួច​ទូរស័ព្ទ​ដៃ និង​កាបូប​បាន​សម្រេច​ហើយ​គេចខ្លួន​បាត់ស្រមោល​។ ចំណែក​ជនរងគ្រោះ​ ពេលដឹងខ្លួនឡេីងវិញ​ផ្អើល​ឆោឡោ​ទាំងកណ្ដាលអាធ្រាត្រ។

ហេតុការណ៍​ខាងលេីនេះ​ បានកេីតឡេីង​កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០២១ ត្រង់​ចំណុច​ខាងជើង​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​ប្រមាណ​១០០​ម៉ែត្រ តាម​បណ្ដោយ​ផ្លូវ​ហាណូយ ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

បេី​តាមការបញ្ជាក់ពី​​ស្ត្រី​ជា​អ្នកលក់​មីឆា​នាពេលរាត្រី​ នៅក្បែរ​កន្លែង​កើតហេតុ បាន​ឱ្យដឹងថា​ នៅ​មុន​ពេល​កើតហេតុ គាត់​បានឃើញ​បុរស​ម្នាក់​ជា​ជន​រង​គ្រោះ បាន​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហា​យ​លែ​ន​ឌ័​រ ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2BC-7870 ក្នុង​ស្ថានភាព​ស្រវឹង តាមបណ្ដោយ​ផ្លូវ​ហាណូយ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​លុះដល់​ចំណុច​កើតហេតុ ជន​រង​គ្រោះ​ក៏​បាន​បើករថយន្ត​អែប​ទៅ​ឈប់​ចត​នៅ​លើ​ចិញ្ចើម​ផ្លូវ រួច​ជន​រង​គ្រោះ​ក៏​បាន​ដេក​លង់លក់​ក្នុង​រថយន្ត ដោយ​មិន​បាន​ចា​ក់ឡុក​ទ្វារ​រថយន្ត​នោះ​ទេ អស់​រយៈពេល​ប្រមាណ​១៥​នាទី​ក្រោយមក ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ចំនួន​ពីរ​នាក់ ជិះ​ម៉ូតូ​ពីរ​គ្រឿង​មិន​ចាំ​ម៉ាក បាន​ជិះ​ក្រវែល​មើល​រថយន្ត​ជន​រង​គ្រោះ​ពីរ​ទៅ​បី​ជុំ ។

បន្ទាប់​មក​ជនសង្ស័យ​ម្នាក់​បាន​ជិះ​ម៉ូតូ​ទៅ​ឈប់​ក្បែរ​រថយន្ត​ជន​រង​គ្រោះ និង​បក្ខពួក​ម្នាក់​ទៀត បាន​ឈប់​ម៉ូតូ​ចម្ងាយ​ប្រមាណ​៣០​ម៉ែត្រ​ពី​រថយន្ត​ជន​រង​គ្រោះ ។ ពេល​នោះ​ជនសង្ស័យ​ម្នាក់​ដែល​ឈប់​ក្បែរ​រថយន្ត​ជន​រង​គ្រោះ​ក៏​បាន​ធ្វើ​សកម្មភាព​ដើរទៅ​បើកទ្វារ​រថយន្ត និង​បាន​យក​របស់របរ​មួយ​ថង់​ចេញពី​ក្នុង​រថយន្ត​របស់​ជន​រង​គ្រោះ​ដោយ​មិនដឹង​ថា ជា​អ្វី​នោះ​ទេ ។

ពេល​នោះ​ស្ត្រី​ដែល​បានឃើញ​ហេតុការណ៍​ក៏​បាន​ស្រែកសួរ​ជនសង្ស័យ​ថា ពូ​ឯង​យក​អី​ចេញពី​រថយន្ដ​គេ​មិ​ញ ។ ជនសង្ស័យ​ក៏​ឆ្លើយ​គំរាម​វិញ​ថា កុំ​ចេះ​ដឹង​ច្រើន​ពេក រួច​ស្ត្រី​រូប​នោះ​ភ័យ​ខ្លាច​ក្រុម​ជនសង្ស័យ​ធ្វើបាប​រូប​គាត់ ធ្វើ​ឲ្យ​មិន​ហ៊ាន​ស្រែក​នោះ​ទេ បាន​ត្រឹមតែ​ឈរ​មើល​ជនសង្ស័យ​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​ចេញពី​កន្លែង​កើតហេតុ​បាត់​ស្រមោល​តែ​ប៉ុណ្ណោះ ។

បន្ទាប់​មក​ស្ត្រី​ជាអ្នកលក់មីឆា​ ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ធ្វើការ​អន្តរាគមន៍​ភ្លាម​ៗ និង​បាន​ធ្វើការ​គោះ​ទ្វារ​រថយន្ត​ដាស់​ជន​រង​គ្រោះ​ឲ្យ​ភ្ញាក់​ដឹងខ្លួន ។​ ភ្លាមនោះ​សមត្ថកិច្ច​មូលដ្ឋាន​ បាន​ចុះមកដល់កន្លែងកេីតហេតុក៏សួរនាំ​ជន​រង​គ្រោះ​បាន​ឆ្លើយ​ថា គាត់​បាន​បាត់​ទូរស័ព្ទ​ដៃ​ម៉ាក​អាយ​ហ្វូ​ន​មួយ​គ្រឿង និង​កាបូប​លុយ​ចំនួន​មួយ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​ក៏​បាន​នាំ​បុរស​ជា​ជន​រង​គ្រោះ​ទៅ​ធ្វើការ​ដាក់​ពាក្យបន្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកថ្លា ដើម្បី​ឲ្យ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់​ក្រុម​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៀត​ផង​ដែរ ៕

...

ដោយ៖  អរុណរះ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print