នៅថ្ងៃទី៧ខែធ្នូ ឥណ្ឌូនេស៊ីបានប្រកាសថា មានអ្នកស្លាប់កើនឡើងដល់៣៤នាក់ និងបាត់ខ្លួន១៧នាក់ផងដែរ។ ជាមួយគ្នានេះមានអ្នករងរបួស៥៦នាក់ ក្នុងហេតុការណ៍ផ្ទុះភ្នំភ្លើង Semeru ស្ថិតនៅខេត្តជ្វាខាងកើត។
ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូនេស៊ីបានប្រកាសឱ្យដឹងថា មានពលរដ្ឋដល់ទៅ៥២០០នាក់រងផលប៉ះពាល់ដោយផ្ទាល់ពីការផ្ទុះភ្នំភ្លើង ក្នុងនោះមានពលរដ្ឋ២ពាន់នាក់ត្រូវភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាព។ រដ្ឋាភិបាលបានបង្កើតជំរំឱ្យពលរដ្ឋរស់នៅបណ្តោះអាសន្ន។
នៅថ្ងៃទី៧ខែធ្នូ ប្រធានាធិបតីឥណ្ឌូនេស៉ី លោក ចូកូ វីដូដូ (Joko Widodo) បានសន្យាថានឹងបង្កើនកិច្ចប្រឹងប្រែងជួយសង្រ្គោះមនុស្ស និងការជួសជុលលំនៅឋានដែលរងការខូចខាត បន្ទាប់ពីលោកបានធ្វើទស្សនកិច្ចទៅកាន់តំបន់គ្រោះមហន្តរាយក្បែរភ្នំភ្លើង Semeru ដែលបានផ្ទុះឡើងយ៉ាងកក្រើក និងផ្តាច់ជីវិតមនុស្សរាប់សិបនាក់។
ភ្នំភ្លើង Semeru ដែលមានកម្ពស់ ៣,៦៧៦ម៉ែត្របានផ្ទុះឡើងយ៉ាងខ្លាំងកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ដោយវាបានជះដុំផេះឡើងទៅលើផ្ទៃអាកាស និងធ្លាក់ទៅគ្របដណ្តប់លើភូមិជាច្រើននៅជុំវិញនោះ។ យោងតាមទិន្នន័យចុងក្រោយពី អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរបស់ឥណ្ឌូនេស៉ី មនុស្សកើនដល់យ៉ាងហោចណាស់៣៤នាក់បានបាត់បង់ជីវិត និង១៧នាក់បាត់ខ្លួន។
ភ្នំភ្លើង Semeru បានផ្ទុះ៣លើកបន្ថែមទៀត ខណៈអាជ្ញាធរជំនាញរបស់ឥណ្ឌូនេស៉ី បានព្រមានថា សកម្មភាពតានតឹងរបស់វា គឺអាចបន្តថែមទៀត។ ភ្នំភ្លើងនេះ ស្ថិតក្នុងចំណោមភ្នំភ្លើងសកម្មសរុបជិត១៣០កន្លែង នៅប្រទេសឥណ្ឌូនេស៉ី។ វាធ្លាប់បានផ្ទុះឡើងម្តងដែរកាលពីខែមករា ដើមឆ្នាំ២០២១នេះ ប៉ុន្តែមិនបានបង្កឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ នាពេលនោះ៕ ដោយ៖សាធី
ក្រុមសង្គ្រោះបានយកសាកសពជនរងគ្រោះចេញពីកន្លែងកើតហេតុ។ រូបថត៖ Reuters