សាធារណរដ្ឋកូរ៉េ : ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានអោយដឹងថា, នៅថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០២១ លោកស្រី ជ្រឹង បុទុមរង្សី បានអញ្ជើញចូលរួមសន្និសីទ្ធអន្ដរជាតិស្ដីអំពី New Southern Policy Plus: Vision, Progress, and the Future ដែលរៀបចំដោយ វិទ្យាស្ថានគោលនយោបាយសេដ្ឋកិច្ចអន្ដរជាតិកូរ៉េ ដោយមានការចូលរួមពី តំណាងក្រសួងការបរទេសកូរ៉េ ឯកអគ្គរាជ និងរដ្ឋទូត អាស៊ាន សាធារណរដ្ឋឥណ្ឌា និងតំណាងស្ថាប័នអន្ដរជាតិមួយចំនួនផ្សេងទៀត។
ក្នុងនោះ លោកស្រី បានលើកឡើងសញ្ញាណមួយចំនួនអំពីគោលនយោបាយសាធារណរដ្ឋកូរ៉េ សម្រាប់ការសហប្រតិបត្តិការដ៏ល្អប្រសើរកន្លងមក និងការត្រៀមខ្លួនរបស់ប្រទេសកម្ពុជា ក្នុងការជំរុញសហប្រតិបត្តិការទ្វេភាគី-ពហុភាគីឱ្យបានគ្រប់ជ្រុងជ្រោយ។ ក្នុងន័យនេះ ប្រទេសកម្ពុជា សហការជាមួយប្រទេសដៃគូ ដើម្បីជំរុញសេដ្ឋកិច្ចរបស់ខ្លួម ត្រលប់មកភាពប្រសើរឡើងវិញ ក្រោយពីវិបត្តិជំងឺកូវីដ១៩កន្លងមក។
លើសពីនេះ លោកស្រី បានលើកឡើងនៅក្នុងអង្គពិធីអំពីសក្ដានុពលកម្ពុជាបច្ចុប្បន្ន និងការរៀបចំខ្លួនរួចរាល់របស់កម្ពុជា ក្នុងការស្វាគមន៍ភ្ញៀវទេសចរណ៍ វិនិយោគ និងធុរកិច្ចលើគ្រប់វិស័យនៅកម្ពុជា។
ជាទីបញ្ចប់ លោកស្រីសង្ឃឹមថា ការបង្កើនកម្រិតគោលនយោបាយឆ្ពោះទៅទិសខាងត្បូងរបស់សាធារណរដ្ឋកូរ៉េ នឹងជួយជំរុញសេដ្ឋកិច្ចប្រទេសកម្ពុជា ឱ្យមានកំណើនកាន់តែខ្ពស់បន្ថែមទៀតក្រោយវិបត្តិកូវីដ១៩ និងកាលានុវត្តភាពទៅលើ សង្គម សេដ្ឋកិច្ច និងនយោបាយកម្ពុជាឱ្យបានកាន់តែល្អផងដែរ៕