ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ជូនក្រុមប្រឹក្សារាជធានីភ្នំពេញ ពីការឡើងថ្លៃសំរាម សំណល់រឹងនៅ ក្នុងរាជធានីភ្នំពេញ ខណៈមានក្រុមហ៊ុនប្រមូលនិងដឹកជញ្ជូនសំរាម និងសំណល់រឹងចំនួន៣ បានកំពុងប្រកួតប្រជែងគ្នាក្នុងការប្រមូលសំរាមនេះ ហើយឃើញថាសេវានេះបានលក្ខណៈល្អប្រសើរជាងមុនផងដែរនោះ។
ការបញ្ជាក់បែបនេះរបស់រដ្ឋបាលរាជធានីភ្នំពេញបានធ្វើឡើង ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣១របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ធ្នូ២០២១នេះ នៅ សាលារាជធានីភ្នំពេញ ក្រោមវត្តមាន លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានី តំណាងអោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អមដោយអភិបាលរងរាជធានីភ្នំពេញចំនួន៣នាក់ទៀត។
លោកហុក ហួរលីម នាយករដ្ឋបាលរាជធានីភ្នំពេញស្តីទី ក្នុងកិច្ចប្រជុំនេះបានមានប្រសាសន៍បញ្ជាក់ថា ការ អនុវត្ត តារាងកម្រៃសេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងឆ្នាំ២០០៣ មិនអាចឆ្លើយតបទៅ នឹងកំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ កំណើនសន្ទស្សន៍ថ្លៃទំនិញ និងជីវភាពរស់នៅ នាពេលបច្ចុប្បន្ន ពិសេសមិនមានលទ្ធភាពទូទាត់ថ្លៃសេវា ជូន ប្រតិបត្តិករ ថ្មីទាំង ០៣ (ដែលប្រើប្រាស់រថយន្តដឹកសំរាម រថយន្ត បោសថ្នល់ រថយន្តបាញ់លាងសម្អាតថ្នល់ និងឧបករណ៍ សម្ភារៈថ្មីៗ ព្រមទាំងប្រាក់បៀវត្សបុគ្គលិក កម្មករ ដែលមានតម្លៃខ្ពស់ជាងមុន) ព្រមទាំងការចំណាយរដ្ឋបាលរបស់សហគ្រាសគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជនរាជធានីភ្នំពេញ និងការរៀបចំទីលានទុកដាក់សំរាមសុវត្ថិភាព។
ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងលេខ០៩០/២១ សជណ.ស ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ ២០២១ ស្ដីពីការដាក់ឱ្យអនុវត្តតារាងកម្រៃសេវាគ្រប់គ្រងសំរាម សំណល់រឹង (ថ្មី) នៅរាជធានីភ្នំពេញ ដើម្បីធានា ប្រក្រតីភាពនៃប្រតិបត្តិការថ្មី និងឱ្យត្រូវតាមការអភិវឌ្ឍរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន។
ពាក់ព័ន្ធនឹងបញ្ហាខាងលើ លោល កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ក៏បានលើកឡើងផងដែរថា ពីមុនប្រជាពលរដ្ឋមួយចំនួន មិនបានបង់ថ្លៃសំរាមឲ្យក្រុមហ៊ុនប្រមូលសំរាមនោះទេ ដោយពួកគាត់លើកហេតុផលថា ការប្រមូលសំរាមមិនស្អាតទុកឲ្យស្អុយរយៈពេលច្រើនថ្ងៃ ដែលធ្វើអោយពួកគាត់មិនអាចទទួលយកបាន ហើយក៏មិនបានបង់ថ្លៃសេវាប្រមូលសំរាមនោះដែរ។ តែមកដល់ពេលនេះ ពោលគឺក្រោយពីមានក្រុមហ៊ុន៣ ប្រកួតប្រជែងលើការប្រមូលសំរាម ឃើញថាការប្រមូលការដឹកជញ្ជូនសំរាមសំណល់រឹង គឺមានភាពល្អប្រសើរជាងមុន។
ទន្ទឹមនឹងនេះផងដែរ ដើម្បីឱ្យសេវានេះកាន់តែល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញក៏បានដំឡើងថ្លៃប្រមូលសំរាមនេះ តែត្រូវបានបងប្អូនប្រជាពលរដ្ឋមួយចំនួនមានភាពរអ៊ូរទាំ។ លោកបញ្ជាក់ថា ធាតុពិតមិនមានការឡើងថ្លៃនោះទេ បើគិតពីតម្លៃនៃការប្រមូលសំរាមសម្រាប់ផ្ទះល្វែងមួយម៉ឺនរៀលនេះ ដូចជាមិនថ្លៃនោះទេ ដោយតារាងកម្រៃសេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងឆ្នាំ២០០៣ តម្លៃផ្ទះល្វែងមិនធ្វើអាជីវកម្មតម្លៃ៤០០០រៀលកាលនោះ គឺយើងអាចទិញគុយទាវ ហូប បាន១ចាន តែពេលនេះមិនអាចទិញគុយទាវបាន១ចានទេ លុះត្រាតែ១ម៉ឺនរៀលទើបទិញហូបបាន។
លោកក៏បានបញ្ជាក់បន្ថែមទៀតថា ការប្រមូលសំរាមនិងសំណល់រឹងនៅ រាជធានីភ្នំពេញទៅ លើការដំឡើងថ្លៃសំរាមថ្មីនេះ យើងប្រមូលបានថវិកាច្រើនជាមុនក៏ពិតមែន តែក៏មិនគ្រប់ចំនួនត្រូវបង់ឲ្យ ទៅ ក្រុមហ៊ុនប្រមូលសំរាមទាំង៣នោះនៅ ឡើយដែរ ។ លោកសូមអោយបងប្អូនប្រជាពលរដ្ឋចូលរួមដើម្បីធ្វើអោយភ្នំពេញយើងមានអនាម័យនិងបរិស្ថានល្អ៕
ដោយ៖ សំរិត