ភ្នំពេញ : ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនដល់សាធារណជន និងនិស្សិតជ្រាបថា ដើម្បីពង្រឹងនិងពង្រីកការប្រើប្រាស់បច្ចេកវិទ្យាក្នុងការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរ ក្នុងទិសដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ជាពិសេសដើម្បីធានាឱ្យបានភាពជោគជ័យនៃការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលនៅកម្ពុជា ក្រសួងត្រូវការជ្រើសរើសអ្នកជំនាញចំនួន ១២៥នាក់ សម្រាប់បម្រើការងារនៅទីស្ដីការក្រសួង តាមជំនាញដូចខាងក្រោម៖
– អ្នកជំនាញបច្ចេកវិទ្យាក្លោដ (Cloud Technology) ចំនួន ១៥នាក់
– អ្នកជំនាញមជ្ឈមណ្ឌលទិន្នន័យ (Data Center) ចំនួន ១៥នាក់
– អ្នកជំនាញបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (Artificial Intelligence – AI) ចំនួន ១៥នាក់
– អ្នកជំនាញអភិវឌ្ឍសុសវែរ (Software Development) ចំនួន ១៥នាក់
– អ្នកជំនាញវិទ្យាសាស្ត្រទិន្នន័យ (Data Science) ចំនួន ១៥នាក់
– អ្នកជំនាញសន្តិសុខសាយប័រ (Cybersecurity) ចំនួន ១៥នាក់
– អ្នកជំនាញបច្ចេកវិទ្យាប្លុកឆេន (Blockchain Technology) ចំនួន ១៥នាក់
– អ្នកជំនាញហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ (Telecommunications Infrastructure) ចំនួន ២០នាក់។
១. លក្ខខណ្ឌនៃការជ្រើសរើស
– បេក្ខជនត្រូវមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រឡើងទៅ ស្របតាមជំនាញជ្រើសរើស
– មានចំណេះដឹងភាសាអង់គ្លេសអាចប្រើការបាន
– មានឆន្ទៈ និងក្រមសីលធម៌បំពេញការងារ
– មានភាពស្មោះត្រង់ និងយកចិត្តទុកដាក់ចំពោះការងារ
– មានភាពអត់ធ្មត់ តស៊ូ និងឧស្សាហ៍ព្យាយាម
– មានសមត្ថភាពបំពេញការងារដោយឯករាជ្យ និងការងារជាក្រុម
– មានគំនិតផ្តួចផ្តើម និងច្នៃប្រឌិត
– ទទួលយកការបណ្តុះបណ្តាលចំណេះដឹងបន្ថែម
– គុណវុឌិ្ឍផ្សេងទៀតតាមជំនាញនីមួយៗ ដែលភ្ជាប់មកជាមួយសេចក្ដីជូនដំណឹងនេះ។
២. ភារកិច្ច និងការទទួលខុសត្រូវ
សូមបេក្ខជនមើលនៅក្នុងផ្នែកភារកិច្ចនិងទំនួលខុសត្រូវសំខាន់ៗ តាមជំនាញនីមួយៗ ដែលភ្ជាប់មក ជាមួយសេចក្ដីជូនដំណឹងនេះ។
៣. ប្រាក់បៀវត្ស និងអត្ថប្រយោជន៍
– ប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភប្រចាំខែស្របតាមមុខតំណែង សមត្ថភាព បទពិសោធ និងគុណវុឌ្ឍិរបស់បេក្ខជន
– ទទួលបានចំណេះដឹង និងជំនាញឯកទេសវិជ្ជាជីវៈបន្ថែមតាមរយៈការបណ្តុះបណ្តាល ការអនុវត្តការងារ ជាក្រុម និងការបង្ហាញភាពជាអ្នកដឹកនាំក្នុងវិស័យសាធារណៈ
– ឱកាសក្លាយជាមន្ត្រីរាជការដោយផ្អែកលើសមត្ថភាព និងសមិទ្ធកម្មការងារ។
៤. កាលបរិច្ឆេទទទួលពាក្យ និងនីតិវិធីនៃការជ្រើសរើស
– បេក្ខជនទាំងពីរភេទត្រូវបំពេញពាក្យស្នើសុំតាមអាសយដ្ឋាន www.mptc.gov.kh/careers ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៧:០០ នាទី។
– បេក្ខជនត្រូវប្រឡងប្រជែងតាមរយៈវិញ្ញាសាសរសេរ ឬអនុវត្តកិច្ចការ ICT (ICT Assignment)
– បេក្ខជនដែលទទួលបានលទ្ធផលជាប់លើវិញ្ញាសាសរសេរ ត្រូវមកធ្វើបទបង្ហាញ ឬ មកសម្ភាសន៍ ដោយ គណៈកម្មការរៀបចំការប្រឡងជ្រើសរើសអ្នកជំនាញ។
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបញ្ជាក់ថា, សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកនាយកដ្ឋានបុគ្គលិកនិងបណ្ដុះបណ្ដាល នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តាមរយៈលេខទូរសព្ទ ០៩៦ ៧០០ ៦៦៦៦, ០១២ ៩២៥ ៩៣៥ និង ០៩២ ៨៨៦ ២៤២៕
ដោយ : សិលា