ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងរន្ធត់ នៅគ្រាដែលបុរសរូបនេះអូសខ្សែភ្លើងចេញពីផ្ទះ ក្នុងគោលបំណងឆក់ត្រីនៅវាលស្រែផ្នែកខាងក្រោយផ្ទះ ប៉ុន្តែជាអកុសល់ភ្លាត់ស្នៀតឆ្លងចរន្តអគ្គីសនីឆក់ខ្លួន ។
ករណីឆ្លងចរន្តអគ្គីសនីបណ្ដាលឲ្យឆក់ស្លាប់ខាងលើ បានកើតឡើងនារសៀលថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ត្រង់ចំណុចវាលស្រែខាងត្បូងផ្ទះ ស្ថិតនៅភូមិថ្នល់បំបែក សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់)ឈ្មោះ ចន ប្រុស ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.សង្កាត់កើតហេតុ ។ មូលហេតុ៖ ជនរងគ្រោះរាយខ្សែភ្លើងអូសចេញពីផ្ទះ ក្នុងគោលបំណងតរបណ្ដាញអគ្គីសនី ក្នុងគោលបំណងឆក់ត្រីត្រង់ចំណុចកើតហេតុ ។
ប្រភពដដែលបន្តទៀតថា ករណីនេះសមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធសហការគ្នា ចុះពិនិត្យ និងធ្វើកាស្រាវជ្រាវដល់កន្លែងយ៉ាងយកចិត្តទុកដាក់ លទ្ធផលៈ សពពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ ពាក់ព័ន្ធករណីផ្សេងៗនោះទេ សពបានប្រគល់ជូនសាច់ញាតិទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ដោយៈ បុឹម ពិន