ខេត្តព្រះវិហារ៖ ករណីឃាតកម្មបាញ់សម្លាប់លើកជនរងគ្រោះដោយកាំភ្លើងកែឆ្នៃកន្លងមកត្រូវបានសមត្ថកិច្ចចាប់បានហើយដើម្បីយកមកឲ្យច្បាប់កាត់ទោស។
ករណីខាងលើនេះបើយោងតាមរបាយការណ៍របស់កម្លាំងកងរាជឣាវុធហត្ថខេត្តព្រះវិហារ ដែលទើបទទួលបាននៅថ្ងៃអាទិត្យទី១២ ខែធ្នូ ឆ្នាំ២០២១បញ្ជាក់ឱ្យដឹងថា កម្លាំងជំនាញ របស់លោកកាលពីល្ងាចថ្ងៃទី១១ ខែធ្នូម្សិលមិញនេះ បានកំណត់មុខសញ្ញា និងស្រាវជ្រាវឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទបាញ់សម្លាប់មនុស្សនៅឃុំស្រយង់ស្រុកគូលែន។
សូមបញ្ជាក់ថារបាយការណ៍របស់មន្ត្រីកងរាជអាវុធហត្ថ បានបន្តថា ជនដៃដល់ឈ្មោះភោគ ម៉ើ ភេទប្រុស អាយុ ២៨ឆ្នាំ ជាកសិករ រស់នៅភូមិម្រេច ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ត្រូវបានឃាត់ខ្លួនដោយដកហូតបានអាវុធកែច្នៃមួយដើម។ ចំណែកជនរងគ្រោះឈ្មោះ ឃត់ ឡុញ ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នាមានស្លាកស្នាមរបួសចំលើដោះខខាងស្តាំធ្លាយមកផ្នែកខាងក្រោយបោបោះដៃផុតបានស្លាប់បាត់បង់ជីវិត កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។
ប្រភពព័ត៌មានខាងលើបានឱ្យដឹងទៀតថាយោងតាមចម្លើយសារភាពរបស់ជនសង្ស័យបានបញ្ជាក់ថា ខ្លួនពិតជាបានប្រើប្រាស់អាវុធកែច្នៃម៉ាកការប៊ីន លួចបាញ់ជនរងគ្រោះឱ្យស្លាប់ពិតប្រាកដមែន។
ដោយមូលហេតុនៃការសម្លាប់រឿងនេះព្រោះគំនុំរយៈពេលបីឆ្នាំមុន ដោយសារឈ្មោះឃត់ ឡុញ បានជេរប្រមាថមកលើឪពុក ម្ដាយរបស់ខ្លួនរឿងរុះរើទ្រុងមាន់។
បុរសជាជនសង្ស័យបន្តថាជនរងគ្រោះតែងតែជេរប្រមាថជាបន្តបន្ទាប់ពេលស្រវឹងស្រាម្ដងៗ ជាហេតុធ្វើឱ្យខ្លួនទ្រាំមិនបានក៏មានគំនិតហើយរាបផែនការណ៍បាញ់សម្លាប់តែម្ដង។
បច្ចុប្បន្នសមត្ថកិច្ចបានកសាងសំណុំរឿងនឹងបញ្ជូនបុរសខាងលើទៅតុលាការដើម្បីចាត់ការតាមច្បាប់រួចរាល់អស់ហើយ៕
ដោយ៖ អរុណរះ