ប្រជាពលរដ្ឋជាង ៥០០គ្រួសារ រស់នៅ​ស្រុក​ឯក​ភ្នំ ​នាំគ្នាប្រគល់​ដីព្រៃ​លិច​ទឹកតំបន់ ៣ ជូន​រដ្ឋ​វិញ​

ចែករំលែក៖

ខេត្ត​បាត់ដំបង៖ បេី​យោង​តាមការបញ្ជាក់ពី​អភិបាលស្រុក​ឯក​ភ្នំ​ លោក ម៉ិ​ល សុផល បានថ្លែង​ឱ្យ​ដឹង​នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២១នេះថា៖​ ប្រជាពលរដ្ឋជាង ៥០០គ្រួសារ រស់នៅ​ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​ បា​ភ្ញាក់រលឹក​នាំគ្នាប្រគល់​ដីព្រៃ​លិច​ទឹកតំបន់ ៣ ជូន​រដ្ឋ​វិញ​។

​ជាក់ស្ដែង​លោកអភិបាលស្រុក​ឯក​ភ្នំ បានថ្លែងយ៉ាងដូច្នេះថា៖​ រហូត​មកដល់​ចុង​សប្តាហ៍ កន្លងមកនេះ ប្រជាពលរដ្ឋចំនួន ៤ភូមិ ដែលមាន​ជាប់ ពាក់ព័ន្ធ​ប្រើប្រាស់ និង​អាស្រ័យ​ផល លើ​ផ្ទៃ​ដីព្រៃ​លិច​ទឹក តំបន់ ៣ កើន​ដល់​ចំនួន ៥២៨ គ្រួសារ​ហើយ ដែល​ពួកគាត់ បាន​ស្ម័គ្រចិត្ត និង​ចូល​សារភាព ប្រគល់​ដី​តំបន់ហាមឃាត់ ខាងលើ ជូន​មកដល់​រដ្ឋ​វិញ តាមរយៈរដ្ឋបាល​ស្រុក​។​

​សូមជម្រាបថា​ មន្ត្រីរដ្ឋបាល​ស្រុក សហការ​ជាមួយក្រុមការងារ​ជំនាញ គិត​ត្រឹម​ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ​២០២១ បាន​ចុះ​កំណត់​អត្តសញ្ញាណ ជន​ដែល​ទន្ទ្រាន​កាន់កាប់ ដីព្រៃ​លិច​ទឹក​តំបន់ ៣ នៅក្នុង​ភូមិសាស្ត្រ ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ជា​លទ្ធផល ប្រជាពលរដ្ឋ មក​ដាក់ពាក្យ​សារភាព និង​ប្រគល់​ដី ជូន​រដ្ឋ​វិញ មាន​ចំនួន ៨៦ គ្រួសារ ស្មើ​ក្បាលដី​សរុប ចំនួន ៩៧ ក្បាលដី​។​

​គួរបញ្ជាក់ថា​ ដែន​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប តំបន់ ៣ ក្នុងភូមិ​សាស្ត្រខេត្តបាត់ដំបង មាន​ផ្ទៃដី​សរុប​ចំនួន ២០៦.៩៥៣ ហិកតា ក្នុងចំណោម​នេះ ផ្ទៃដី​ដែល​ជនខិលខូច ចូល​ទន្ទ្រាន ជា​កម្មសិទ្ធិ ខុសច្បាប់ មាន​ចំនួន ២៩ ទីតាំង ស្មើនឹង​ផ្ទៃដី​ប្រមាណ​ជា ១២.២២១ ហិកតា ក្នុងនោះ ប្រជាពលរដ្ឋ ដែល​ប៉ះពាល់ ចូល​ទន្ទ្រាន​កាន់កាប់ មាន​ចំនួន ២.៥១៤ គ្រួសារ ត្រង់​ភូមិសាស្ត្រ ឃុំ​ចំនួន ១៧ របស់​ស្រុក ៤ មាន៖​ គឺស្រុក​មោងឫស្សី ស្រុក​ថ្មគោល ស្រុក​ឯក​ភ្នំ និង​ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print