សារព័ត៌មាន ANSA បានដកស្រង់ការប្រកាសរបស់ក្រុមជួយសង្គ្រោះអុីតាលី ដែលបានបញ្ជាក់ថា មានមនុស្សម្នាក់ស្លាប់ និង ៩នាក់រងរបួស ក្រោយហេតុការណ៍បាក់ស្រុតអគារបណ្តាលមកពីការផ្ទុះហ្គាសស្ថិតនៅក្នុងស្រុក Ravanusa ប្រទេសអុីតាលីនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។ ក្នុងពេលនេះដែរក្រុមជួយសង្គ្រោះកំពុងតែខិតខំស្វែងរកអ្នកដែលបាត់ខ្លួនក្រោមគំនរអគារបាក់បែក។
ចំណែកសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១២ ខែធ្នូ ឆ្នាំ២០២១ បានផ្សាយថា មានមនុស្សចំនួន៤នាក់បានបាត់បង់ជីវិត និង៥នាក់ទៀតកំពុងបន្តបាត់ខ្លួន ក្រោយហេតុការណ៍ផ្ទុះហ្គាស
បណ្តាលឱ្យអគារស្នាក់នៅកម្ពស់៤ជាន់មួយខ្នងដួលរលំ នៅកោះស៉ីស៉ីលី (Sicily) ភាគខាងត្បូងប្រទេសអ៉ីតាលី។
ស្រ្តី២នាក់ត្រូវបានគេជួយទាញចេញទាំងនៅមានជីវិតពីក្រោមគំនរអគារ ដែលស្ថិតនៅក្នុងក្រុង រ៉ាវ៉ានូសា (Ravanusa) បន្ទាប់ពីវាបានដួលរលំកាលពីវេលាយប់ថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ហើយក្រុមជួយសង្រ្គោះ និងសុនខហិតក្លិនកំពុងបន្តប្រតិបត្តិការរុករកអ្នកដែលនៅ បាត់ខ្លួន។ អាជ្ញាធរអ៉ីតាលីបានបញ្ជាក់ថា តួលេខអ្នកស្លាប់គឺ៤នាក់។
យោងតាមការស៉ើបអង្កេតជាបឋម ហេតុការណ៍ផ្ទុះដែលនាំឱ្យឈានដល់ដួលរលំអគារខាងលើ ទំនងជាបង្កឡើងដោយការលេចធ្លាយឧស្ម័ននៅក្នុងអគារនោះ។ មនុស្សប្រមាណជា៥០នាក់ ត្រូវបានជម្លៀសចេញពីលំនៅឋាន ព្រោះអគារស្នាក់នៅដទៃទៀត ដែលនៅជាប់គ្នាក៏បានរងការខូចខាតផងដែរ៕ ដោយសាធី
រូបថត៖CNN.