ក្រុមអ្នកឯកទេសអាហ្វ្រិកខាងត្បូង នៅថ្ងៃទី១២ ខែធ្នូ បានបញ្ជាក់ថា វិរុសបំប្លែងថ្មី អូមីក្រុង អាចបង្កឲ្យមានជំងឺស្រាលជាងវីរុស Delta បើទោះបីការឆ្លងរាលដាលវីរុសអូមីក្រុងលឿនជាងដែលតាក្តី។
នៅក្នុងកិច្ចប្រជុំអនឡាញ តំណាងអង្គការ WHO ប្រចាំនៅទ្វីបអាហ្វ្រិក បានឱ្យដឹងនៅថ្ងៃទី១២ ខែធ្នូថា នៅទូទាំងទ្វីបនេះមានករណីឆ្លង ១០៧ពាន់នាក់ក្នុងរយៈពេល១សប្តាហ៍កន្លងមកនេះ គឺខ្ពស់់ជាងទ្វេដង បើប្រៀបធៀបនឹងសប្តាហ៍មុន ។
ចំណែកនៅអាហ្វ្រិកខាងត្បូង មានករណីឆ្លងកូវីដ-១៩ ថយចុះ នៅសល់តែ១៧ពាន់នាក់ប៉ុណ្ណោះ ដោយកាលពីមួយថ្ងៃមុនមានជាង ២២ពាន់នាក់ ។ ការឆ្លងអូមីក្រុងគឺមានតិចជាងកូវីដ-១៩ ប្រភេទដែលតា ។
ក្នុងពេលនេះដែរ ប្រទេសជាច្រើននៅជុំវិញពិភពលោក បានបង្កើនការចាក់ដូសទីបី ដើម្បីទប់ស្កាត់ការឆ្លងវីរុសបំប្លែងថ្មីអូមីក្រុងយ៉ាងមានប្រសិទ្ធភាព។ ជាក់ស្តែង អូស្រ្តាលីបាននិយាយថា ខ្លួននឹងកាត់បន្ថយរយៈពេលរង់ចាំសម្រាប់អ្នកដែលត្រូវចាក់វ៉ាក់សាំង COVID-19 ដូសជំរុញ ស្របពេលដែលករណីឆ្លងវីរុសបំប្លែងថ្មី អូមីក្រុង (Omicron) កំពុងបន្តកើនឡើង។
កន្លងមក អូស្រ្តាលីបានកំណត់ថា នឹងចាក់វ៉ាក់សាំងដូសជំរុញឲ្យ អ្នកមានអាយុចាប់ពី១៨ឆ្នាំឡើងនៅរយៈពេលយ៉ាងតិច៦ខែ បន្ទាប់ពី ពួកគេបានទទួលការចាក់ដូសទី២។ តែឥឡូវនៅចំពោះមុខ ការបន្តកើនឡើងនៃករណីឆ្លងវីរុសបំប្លែងថ្មី Omicron រដ្ឋមន្រ្តីសុខាភិបាល អូស្រ្តាលី លោក ហ្គ្រែក ហាន់ (Greg Hunt) បានប្រកាសថា គម្លាតរយៈពេលនេះ នឹងត្រូវបន្ថយមកត្រឹម៥ខែវិញ ក្រោយដូសទី២។
អូស្រ្តាលីនឹងប្រើប្រាស់វ៉ាក់សាំង Pfizer និង Moderna នៅក្នុងកម្មវិធីចាក់ដូសជំរុញរបស់ខ្លួន។ ដោយស្ថិតក្នុងចំណោមប្រទេស ដែលចាក់វ៉ាក់សាំងបង្ការ COVID-19 បានច្រើនបំផុតមួយ អូស្រ្តាលីបានចាក់វ៉ាក់សាំងគ្រប់ដូសឱ្យអ្នកដែលមានវ័យលើសពី១៦ឆ្នាំ បានដល់ទៅប្រមាណជា ៩០ភាគរយ។ ទោះជាយ៉ាងណា នៅថ្ងៃអាទិត្យនេះ អូស្រ្តាលីបានកត់ត្រាករណីឆ្លងថ្មីៗដល់ទៅ ១,៥៥៦នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ៕ ដោយសាធី