ខេត្តកំពង់ចាម៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម នៅព្រឹកថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ បានសហការរៀបចំប្រារព្ធពិធីអបអរសាទរ ទិវាអន្ដរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ឆ្នាំ២០២១ ក្រោមប្រធានបទ «ស្ម័គ្រចិត្តពេលនេះ ដេីម្បីអនាគតយេីង - ទាំងអស់គ្នាបន្តធ្វេីសកម្មភាព ដោយមិនឈប់ឈរ ឡេីយ» នៅក្នុងបរិវេណ ទីស្នាក់ការអនុសាខាស្រុកកំពង់សៀម ។
ពិធីនេះ បានប្រព្រឹត្តទៅ ក្រោមអធិបតីភាពលោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីអនុប្រធាន សមាជិក សមាជិកាគណ:កម្មាធិការសាខា ប្រធានអនុសាខា មន្ត្រីប្រចាំការ ក្រុង ស្រុក អ្នកស្ម័គ្រចិត្ត ទីប្រឹក្សា និង យុវជនកាកបាទក្រហមកម្ពុជា មកពី ៤ គ្រឹះស្ថានសិក្សា សរុបចំនួន ១៦៨ នាក់ ។
ក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា បានអានទាំងស្រុង នូវសារលិខិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ឆ្នាំ ២០២១ ជូនដល់អង្គពិធីទាំងមូល ដែលក្នុងនោះ ក្នុងព្រះបរមនាម ហ្លួងម៉ែ ព្រះប្រធានកិត្តិយស សម្តេចប្រធាន បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ ក្មួយៗ ជាយុវជន កក្រក និង បងប្អូនអ្នកស្ម័គ្រចិត្តទាំងអស់ ដែលក្នុងគ្រប់កាលៈទេសៈ បានខិតខំប្រឹងប្រែង តស៊ូយ៉ាងស្វិតស្វាញ ពុះពារឧបសគ្គ និងជំនះបញ្ហាប្រឈមនានា ក្នុងបេសកកម្មផ្តល់សេវាកម្មមនុស្សធម៌ ពិសេស ក្នុងបរិការណ៍នៃការប្រយុទ្ធនឹងជំងឺកូវីដ-19 បានពាំនាំនូវសារគន្លឹះ ទប់ស្កាត់ហានិភ័យនែការឆ្លងជំងឺដ៏កាចសាហាវនេះ យកទៅអប់រំផ្សព្វផ្សាយ តាមគ្រប់រូបភាព និងមធ្យោបាយ មិនខ្លាចនឿយហត់ ជូនដល់ប្រជាពលរដ្ឋដោយផ្ទាល់ តាមខ្នងផ្ទះ និង ទីកន្លែងនានា ក្នុងសហគមន៍។
បន្ថែមពីនេះ លោកប្រធានគណៈកម្មាធិការសាខា បានពាំនាំរំឭក សេចក្តីអំពាវនាវរបស់សម្តេចប្រធានកាកបាទក្រហមកម្ពុជា ចំពោះ យុវជន និងអ្នកស្ម័គ្រចិត្ត កក្រក ទាំងអស់ ត្រូវរឹតបន្តឹងកម្លាំងសាមគ្គីភាព ដោយបន្តធ្វើសកម្មភាពមិនឈប់ឈរឡើយ ក្នុងប្រតិបត្តិការមនុស្សធម៌ ជួយអ្នកងាយរងគ្រោះបំផុត និងអ្នករងគ្រោះ អោយបានឆាប់រហ័ស ទាន់ពេលវេលា តាមទិសស្លោក “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា- មិនទុកនរណាម្នាក់ចោល ” និងបន្តខិតខំសម្រេចអោយបាន បាវចនា ” សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកល ” ។
ជាមួយនេះ សូមបង-ប្អូនរួមជាតិ បន្ដពង្រឹងការការពារសុខភាពឱ្យបានខ្ជាប់ខ្ជួន បន្សាំខ្លួនក្នុងការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-19 ដោយប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល «៣ការពារ ៣កុំ» ដេីម្បីសុខុមាលភាពរបស់បុគ្គលម្នាក់ៗ របស់ក្រុមគ្រួសារជាទីស្រឡាញ់ របស់សហគមន៍ និងសង្គមជាតិយើង ។
ដើម្បីជាការលើកទឹកចិត្តដល់ការខិតខំរបស់បងប្អូន , លោក អ៊ុន ចាន់ដា ក៏បានអញ្ជើញ ប្រគល់ប័ណ្ណសរសើរដែលសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណ បស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ អ្នកស្ម័គ្រចិត្ត ដែលបានលះបង់ពេលវេលា កម្លាំងកាយ ចិត្ត ប្រាជ្ញា ចូលរួមយ៉ាងសកម្មក្នុងការផ្តល់សេវាកម្មមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដល់សហគមន៍ កន្លងមក ចំនួន ៥០នាក់ ( ស្រី ២៩នាក់) ផងដែរ៕
ដោយ៖សហការី