ភ្នំពេញ៖ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនិងឈានចូលមកដល់នៅថៃ្ងស្អែកនេះ ក្លឹបវាយសីពហុកីឡាដ្ឋានជាតិបានបង្កើតព្រិត្តិការណ៍ប្រកួតមួយដែលប្រសិទ្ធនាមថា ការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់វ័យចាស់ នាព្រឹកថៃ្ងទី១២ ខែមេសា ឆ្នាំ២០១៦ ។
លោកជាម សុភា ប្រធានក្លិបវាយកីឡាពហុកីឡដ្ឋានជាតិបានឲ្យដឹងថា ការប្រកួតនេះមានរយៈពេល១ថ្ងៃដែលក្រុមចូលរួម៥គូ តាមរូបមន្តវិលជុំសន្សំពិន្ទុ ក្រុមដែលលេងឈ្នះត្រូវបានឡើងទៅប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រនិងផ្តាច់ព្រ័ត្រ។
លោកបានបន្តទៀតថា ការប្រកួតនេះត្រូវរៀបចំឡើងក្នុងគោលបំណងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលឈានចូលមកដល់នៅវេលាម៉ោង១០ព្រឹកថ្ងៃទី១៣ខែមេសានេះ។ ពិសេសការប្រកួតដើម្បីក៏ជាចលនាមួយដើម្បីជំរុញបំផុសដល់យុវជនឲ្យមានចំណាប់អារម្មណ៍ចូលរួមលេងកីឡាវាយសីសម្រាប់សុខភាព សាមគ្គីភាព មិត្តភាពនិងជាការទាក់ទាញឲ្យយុវជនបានត្រៀមខ្លួន ក្នុងអាជីពកីឡាវាយសី ដើម្បីត្រៀមលក្ខណៈឆ្ពោះទៅកាន់កីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលប្រទេសកម្ពុជា ធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាដ៏ធំថ្នាក់តំបន់មួយនេះ។
លោកបន្ថែមទៀត ការបង្កើតឲ្យព្រឹត្តិការណ៍ប្រកួតវាយសីទាំងវ័យ និងយុវជនគឺក្លិបចង់ចូលរួមចំឡែក ជាមួយសហព័ន្ធកីឡា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញវិស័យកីឡាវាយកាន់សក្តានុពល អាចប្រកួតប្រជែងជាមួយបណ្តាប្រទេសនានាក្នុងតំបន់អាស៊ាន។ ប្រធានក្លិបរូបនេះបន្តទៀតថា គ្រប់ពេលដែលក្លិបរៀបចំតែងតែទទួលបានការគាំទ្រទាំងស្រុងពីសំណាក់លោក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា លោកតែងតែជួយសម្រួលបញ្ជូនក្រុមគណៈកម្មការបច្ចេកទេសមកកាត់សេចក្តីក្នុងការប្រកួតឲ្យមានភាពសុក្រឹតយុត្តិធម៌។
ជាមួយគ្នានោះ តាមរយៈការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសហព័ន្ធខាងលើ ជាលទ្ធផលគឺក្រុមកីឡាករកីឡាការិនី ជម្រើសជាតិមានការវិវឌ្ឍនូវសមត្ថភាពបច្ចេកទេសខ្លាំង ដែលអាចដណ្តើមបាននូវជោគជ័យក្នុងថ្នាក់តំបន់ជាក់ស្តែងការប្រកួតព្រឹត្តិការណ៍(Mengkong Will Gameនៅខេត្តឈៀងរ៉ៃ ប្រទេសដណ្តើមបានមេដាយមាស ចំនួន៤គ្រឿង និងប្រាក់១គ្រឿង)គឺជាលទ្ធផលមួយបានបង្ហាញឲ្យឃើញថា អត្តពលិកវាយសីកម្ពុជា កំពុងមានសក្តានុពលលើវិស័យកីឡាមួយនេះ។
ចំពោះលទ្ធផលនៃការប្រកួតនេះ ចំណាត់ថ្នាក់លេខ១បានទៅក្រុមកីឡាករខាន់ សម្បត្តិនិងប៉ូលី សំណាង ចំណាត់ថ្នាក់លេខ២បានលើក្រុមកីឡាករឡាត់ ឡៃនិង គូ ជា និងចំណាត់ថ្នាក់លេខ៣បានលើក្រុមកីឡាករ ជាម សុភានិងឡាំ ប៊ុនហ៊ុយ៕
ដោយ៖ សារីម