ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានទទួល ៣ពិន្ទុដំបូង ក្នុងការប្រកួតពានរង្វាន់បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ AFF Suzuki cup 2020 ពូលB បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិឡាវ ដោយលទ្ធផល ៣-០ នាល្ងាចថ្ងៃទី១៥ ខែធ្នូ នេះ នៅកីឡដ្ឋាន Bishan ប្រទេសសិង្ហបុរី។ នេះបើយោងតាមផេក (Cambodia 2023) CAMSOC ជាមួយពាក្យស្លោក និងរូបភាព៖ FFC & AFF Suzuki Cup
#យើងនាំគ្នាឆ្ពោះទៅ_ស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា
#កីឡារស់ក្នុងសន្ដិភាព នៅយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។
សូមបញ្ជាក់ថា,គ្រាប់បាល់ជ័យជម្នះរបស់ក្រុមគោព្រៃកម្ពុជា ធ្វើសម្រេច២គ្រាប់ ក្នុងវគ្គទី១ ដោយខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ម្នាក់ឯង នៅនាទី៣១ និងនាទី៤១ ខណៈ១គ្រាប់ទៀត រកបានដោយកីឡាករ សៀង ចន្ធា សមាជិកមកពីក្លិបបឹងកេតដូចគ្នា នៅនាទី៧៥។ ក្រៅពីការទាត់បញ្ចូលទីបានសម្រេចនេះ កម្ពុជាក៏មានឱកាសទាត់ចំគោលដៅជាច្រើនលើកផងដែរ។
នេះជាជ័យជម្នះលើកដំបូងរបស់ក្រុមជម្រើសជាតិកម្ពុជា ក្នុងចំណោម ៣ប្រកួតកន្លងមក ក្រោយចាញ់ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។ សម្រាប់ប្រកួតបន្ទាប់ កម្ពុជា នឹងត្រូវធ្វើការងារធ្ងន់ ដោយត្រូវជួបក្រុមការពារតំណែងជើងឯកវៀតណាម នាថ្ងៃទី១៩ ខែធ្នូ ខាងមុខ។ រីឯឡាវ បានបញ្ចប់បេសកកម្មរបស់ខ្លួនហើយ ដោយមិនស្គាល់ឈ្នះ ឬស្មើម្ដងឡើយ ក្នុងចំណោម ៤ប្រកួត៕
ដោយ : សិលា