រដ្ឋបាលខណ្ឌមានជ័យ សហការជាមួយក្រុមហ៊ុនប្រមូលសំរាម បើកយុទ្ធការចុះសម្អាតបរិស្ថាន អនាម័យលើផ្លូវ៦០ម៉ែត្រ (វិថីសម្តេចតេជោ)

ចែករំលែក៖

ភ្នំពេញ​៖​ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងរួមដំណើរដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ នៅវេលាម៉ោង ០៨ព្រឹកថ្ងៃព្រហស្បតិ៍្ត ១២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ បានអញ្ជើញដឹកនាំមន្រ្តីរាជការ រដ្ឋបាលខណ្ឌមានជ័យ អធិការនគរបាលខណ្ឌ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ សន្តិសុខសណ្តាប់ធ្នាប់ខណ្ឌ រដ្ឋបាលសង្កាត់ទាំង៧ និងភ្នាក់ងារអនាម័យសង្កាត់ទាំង៧ សហការជាមួយក្រុមហ៊ុនស៊ិនទ្រី ចុះសម្អាតបរិស្ថាន អនាម័យលើផ្លូវ៦០ម៉ែត្រ វិថីសម្តេច តេជោ ត្រង់ចំណុចមុខអគារចិនច្រមុះជ្រូកក្បាលថ្នល់ រហូតដល់ស្តុបស៊ើដេស។

ក្នុងឱកាសនេះដែរ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមសម្អាតបរិស្ថាននៅក្នុងមូលដ្ឋានខណ្ឌមានជ័យយើងទាំងអស់គ្នា ក៍ដូចជាក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដោយចូលរួមចោលសំរាមចូលទៅក្នុងធុងសំរាមអោយបានត្រឹមត្រូវ មិនត្រូវចោលសម្រាម ពាសវាលពាសកាល ដែលនេះជាចំនុចដែលធ្វើអោយសោភ័ណ្ឌភាព ក្នុងមូលដ្ឋានខណ្ឌមានជ័យ របស់យើងមានការថយចុះ និងបាត់បង់នូវការវាយតម្លៃយកពិន្ទុ ក្នុងការប្រកួតប្រជែងទីក្រុងស្អាតជាមួយនិងខណ្ឌ គេផ្សេងៗទៀត ។

លោកអភិបាល ក៏បានជំរុញឱ្យមន្រ្តីជំនាញ ក៏ដូចជាមន្ត្រី រាជការក្នុងខណ្ឌ នៅតាមការិយាល័យ នីមួយៗ សិស្សានុសិស្សទាំងអស់ ត្រូវចូលរួមទាំងអស់គ្នាក្នុងការសម្អាតបរិស្ថាន នៅតាមមូលដ្ឋានរបស់យើង ក៏ដូចជានៅតាមទីសាធារណៈឱ្យល្អស្អាតទាំងអស់គ្នា និងត្រូវជួយ ផ្សព្វផ្សាយ ពន្យល់ ឬណែនាំដល់អ្នកដែលចោលសំរាមពាសវាលពាសកាល នោះផងដែរ ។ ទន្ទឹមនឹងនេះ លោកអភិបាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមសម្អាតបរិស្ថាន អនាម័យ និងទុកដាក់ វិចខ្ចប់ សំរាមអោយបានត្រឹមត្រូវ និងបញ្ចេញសំរាមអោយទាន់ពេលវេលា ដើម្បីងាយស្រួលដល់ក្រុមភ្នាក់ងារប្រមូលសំរាម ។

យ៉ាងណាមិញសូមបងប្អូនប្រជាពលរដ្ឋបន្តអនុវត្តនូវវិធានការ ៣កុំ ៣ការពារ តាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល អោយបានខ្ជាប់ខ្ជួន កុំធ្វេសប្រហែសអោយសោះ ព្រោះថ្មីៗនេះអង្គការសុខភាពពិភពលោកកំពង់មានការព្រួយបារម្ភអំពីជំងឺកូវីដ-១៩ បំលែងថ្មីប្រភេទ Omicron (អូមីក្រុង) ហើយបច្ចុប្បន្ននេះក៏បានហូរចូលមកដល់ប្រទេសកម្ពុជាយើងមួយករណីផងដែរ៕

...

ដោយ៖ស តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print