លោក Pornpetch Wichitcholchai ប្រធានសភាប្រទេសថៃបានថ្លែងកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ថា ប្រទេសរបស់លោកមានការសង្ឃឹមទៅលើប្រទេសចិនខ្លាំងណាស់នៅក្នុងការជួយជ្រោមជ្រែងស្ថាបនាផ្លូវដែកសម្រាប់ចារាចរណ៍រថភ្លើងក្នុងល្បឿនលៀនក្នុងពេលឆាប់ៗតាមតែអាចធ្វើទៅបាន ដើម្បីបង្កើន និងពង្រឹងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ ។
ការថ្លែងរបស់ប្រធានសភាថៃបែបនេះធ្វើឡើងអំឡុងពេលជួបពិភាក្សាជាមួយ លោក Yu Zhengsheng ប្រធានគណៈកម្មាធិការពិគ្រោះយោបល់នយោបាយប្រជាជនចិនដែលធ្វើដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃនៅទីនោះ។
ប្រធានសភាថៃបានបញ្ជាក់ថា រដ្ឋសភាប្រទេសថៃព្យាយាមបំផុតដើម្បីពន្លឿនជំហានក្នុងការភ្ជាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរវាងប្រទេសថៃ នឹងចិន។ ជាពិសេសការស្ថាបនាផ្លូវដែកសម្រាប់រថភ្លើងចរាចរណ៍ក្នុងល្បឿនលឿន ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសជិតខាងទាំងពីរ។
លោក Pornpetch Wichitcholchai បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់សមភាគីចិនគឺជាការឆ្លុះបណ្ចាំង និងបន្ថែមទម្ងន់ទៀតទៅលើទំនាក់ទំនងល្អប្រសើររវាងប្រទេសជិតខាងទាំងពីរ ព្រមទាំងពង្រឹងចំណងកិច្ចសហប្រតិបត្តិការរវាងសភា នឹងសភាប្រទេសទាំងពីរផងដែរ។
ចំណែក លោក Yu វិញបានថ្លែងថា នៅក្នុងឆ្នាំនេះជាឆ្នាំគម្របខួបលើកទី៤០ឆ្នាំនៃទំនាក់ទំនងចំណងការទូតរវាងប្រទេសថៃ នឹងចិន ហើយដំណើរទស្សនកិច្ចរបស់លោកគឺមានសារសំខាន់ខ្លាំងណាស់ ។ លោកបន្តថា ប្រទេសចិនតែងតែចាត់ទុកប្រទេសថៃជាមិត្តជិតស្និទ្ធ និងជាអ្នកជិតខាងដ៏ល្អ និងជាដៃគូដ៏មានសារសំខាន់ ៕