ខេត្តកណ្តាល៖ បើយោងតាមផេក (Cambodia 2023) CAMSOC ជាមួយពាក្យស្លោក #យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា#កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, វគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេស និងមន្ត្រីរៀបចំការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ «ទូកនាគ» កម្រិតមូលដ្ឋានត្រូវបានបិទបញ្ចប់ដោយជោគជ័យ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នៅវិទ្យាល័យ ហ៊ុនសែន តាខ្មៅ ខេត្តកណ្តាល បន្ទាប់ពីដំណើរការអស់រយៈពេល៥ថ្ងៃ (១២-១៦ធ្នូ)។
លោក បណ្ឌិត មាស សារិន អនុប្រធានអចិន្ត្រៃយ៍ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានចាត់ទុកថា វគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេស និងមន្ត្រីរៀបចំការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ កម្រិតមូលដ្ឋាន នៅខេត្តកណ្តាល គឺជាសមិទ្ធផលថ្មីមួយ នាចុងឆ្នាំ២០២១នេះ ដើម្បីត្រៀមឆ្ពោះទៅរៀបចំការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ (ទូកនាគ) ទូកកានូ ទូកកាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសឯកថ្នាក់ជាតិ និងពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី៨ ឆ្នាំ២០២១ នាថ្ងៃទី២៣-២៥ ខែធ្នូ ឆ្នាំ២០២១ នៅទីរួមខេត្តកំពត។
លោកបណ្ឌិត មាស សារិន មានប្រសាសន៍បន្ថែមថា បើទោះបីជាវគ្គនេះមានរយៈពេលខ្លី ក៏ពិតមែន ប៉ុន្តែឯកឧត្តមបានបង្ហាញក្តីសង្ឃឹមថា នេះជាចំណែកដ៏សំខាន់ ដើម្បីអភិវឌ្ឍធនធានមន្ត្រីរៀបចំការប្រកួតឲ្យទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀត។ លោកអនុប្រធានអចិន្ត្រៃយ៍បានផ្តល់អនុសាសន៍ជូនដល់សិក្ខាកាម ដោយលើកទឹកចិត្តឲ្យបន្តកិច្ចខិតខំប្រឹងប្រែង ដុះខាត់សមត្ថភាពឲ្យកាន់តែមានគុណភាពល្អប្រសើរ។ នៅក្នុងចំណោមសិក្ខាកាមទាំង៤៦នាក់ សហព័ន្ធនឹងបញ្ជូនមន្ត្រីខ្លះៗ ដែលចេះភាសាអង់គ្លេសជ្រៅជ្រះ ដើម្បីចូលរួមវគ្គកម្រិតអន្តរជាតិ ដើម្បយកចំណេះដឹងទាំងនោះយកមកបម្រើដល់វិស័យកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ «ទូកនាគ» ទូកកានូ និងទូករ៉ូអ៊ីងកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
លោកបណ្ឌិត ជា ប៊ុនហេង អគ្គលេខាធិការ សហព័ន្ធសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានជំរុញទឹកចិត្តដល់សិក្ខកាម ដែលជាមន្ត្រីបច្ចេកទេសទាំងបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីជួយជំរុញអភិឌ្ឍវិស័យកីឡាទូកកម្ពុជាកាន់ តែរីកចម្រើនបន្ថែមទៀត ជាពិសេសគឺជួយរៀបចំការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះឲ្យទទួលបានជោគជ័យ។ អ្វីដែលពិសេសគឺសម្រួចគោលដៅឆ្ពោះទៅរៀបចំទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បើទោះបីជាស៊ីហ្គេម នៅវៀតណាម ឆ្នាំ២០២២ ម្ចាស់ផ្ទះមិនបានដាក់បញ្ជូលប្រភេទកីឡាទូកនេះក្តី។
គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៥ថ្ងៃ ដោយមានសិក្ខាកាម៤៦នាក់ ក្នុងនោះនិទ្ទេសល្អ ៤៥%, ល្អបង្គួរ ៣៥% និងមធ្យម ២០%។ វគ្គសិក្សាផ្តោតសំខាន់លើតួនាទី ភារកិច្ចរបស់គណៈកម្មការរៀបចំការប្រកួត មន្ត្រីទទួលបន្ទុករួម លេខាតុ អាជ្ញាកណ្តាលដឹកនាំការប្រកួត ចៅក្រមប្រកួតចេញដំណើរ-ផ្តាច់ព្រ័ត្រ និងតួនាទី-ភារកិច្ចរបស់មន្ត្រីគណៈកម្មការត្រួតពិនិត្យទូក កីឡាករ កីឡាការិនី ព្រមទាំងបញ្ជ្រាបលើចំណេះដឹងលើផ្នែកសំខាន់ៗជាច្រើនទៀតផងដែរ៕