ភ្នំពេញ : នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៨និង៣០នាទីព្រឹក នៅវិមានសន្តិភាព ទីស្តីការគណៈរដ្ឋមន្ត្រី មានបើកកិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យនិងពិភាក្សាលើ៖
១-សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម។
២-សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម។
៣-សេចក្តីព្រាងរបាយការណ៍វាយតម្លៃពាក់កណ្តាលអាណត្តិ នៃការអនុវត្ត គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ (IDP)។
៤-បញ្ហាផ្សេងៗ៖ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ន នីតិប្បញ្ញត្តិ លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីកម្ពុជា-កូរ៉េ (CKFTA)។
ក្រោយពីបានស្តាប់របាយការណ៍ សម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានធ្វើការពិភាក្សា ផ្លាស់ប្ដូរយោបល់ និងសម្រេចតាមរបៀបវារៈ ដែលមានលទ្ធផលនិងខ្លឹមសារសង្ខេបដូចខាងក្រោម៖
១-សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៦០៥/០១៩ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០៥ ត្រូវបានអនុវត្តដោយរលូនអស់ រយៈកាលជាច្រើនឆ្នាំកន្លងមកហើយ ប៉ុន្តែដោយសារមាត្រាមួយចំនួននៃច្បាប់នេះ មិនដែល បានអនុវត្ត និងដើរមិនទាន់ល្បឿននៃការកែទម្រង់របស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការផ្ដល់សេវា សាធារណៈនិងបរិយាកាសនៃការធ្វើធុរកិច្ចក្នុងតំបន់និងជាសកល ទើបតម្រូវឱ្យរាជរដ្ឋាភិបាល មានភាពចាំបាច់ក្នុងការកែសម្រួល និងរៀបចំជាសេចក្តីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្តីពី សហគ្រាសពាណិជ្ជកម្មនេះឡើង។
ជាមួយគ្នានេះផងដែរ សេចក្តីព្រាងច្បាប់នេះមានគោលបំណងចូលរួមចំណែកក្នុងការបន្ត កំណែទម្រង់របស់រាជរដ្ឋាភិបាល ស្តារសង្គម-សេដ្ឋកិច្ចកម្ពុជាពីវិបត្តិនៃជំងឺកូវីដ-១៩ លើកកម្ពស់ ភាពងាយស្រួលនៃការធ្វើធុរកិច្ចនៅកម្ពុជា ព្រមទាំងធ្វើឱ្យមានសង្គតិភាព តម្លាភាព និងសុខដុមនីយកម្ម រវាងលិខិតបទដ្ឋានគតិយុត្តនិងកាតព្វកិច្ចដទៃទៀតនៅក្រោមអនុសញ្ញា សន្ធិសញ្ញា ឬកិច្ចព្រមព្រៀង អន្តរជាតិដែលកម្ពុជាជាភាគីហត្ថលេខី។
សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម មានពីរមាត្រា ដោយមាត្រាមួយចែងអំពីការធ្វើនិរាករណ៍ចំនួន១២មាត្រា រួមមាន មាត្រា១៦៦ មាត្រា១៧៥ មាត្រា១៨២ មាត្រា១៨៣ មាត្រា១៨៤ មាត្រា១៨៥ មាត្រា១៨៦ មាត្រា១៨៧ មាត្រា១៨៨ មាត្រា១៨៩ មាត្រា១៩០ និងមាត្រា១៩៦, បន្ថែមថ្មីចំនួន៣មាត្រា រួមមាន មាត្រា៨ស្ងួន មាត្រា៥៣ ស្ទួន ក្នុងជំពូកទី២ មាត្រា១៤៧ស្ទួន ក្នុងជំពូកទី៣, កែសម្រួលចំនួន២៥មាត្រា រួមមាន មាត្រា១ មាត្រា២ មាត្រា៣ មាត្រា៤ មាត្រា៥ មាត្រា៥៩ មាត្រា៦២ មាត្រា៨៧ មាត្រា១០១ មាត្រា១០៦ មាត្រា១១០ មាត្រា១១៤ មាត្រា១១៥ មាត្រា១៣៧ មាត្រា១៤៤ មាត្រា១៦១ មាត្រា១៧៤ មាត្រា១៩២ មាត្រា១៩៥ មាត្រា២២៥ មាត្រា២៣៤ មាត្រា២៥៥ មាត្រា២៦២ មាត្រា២៧០ និងមាត្រា២៧១ និង មាត្រាពីរចែងអំពីការអនុវត្តច្បាប់នេះជាការប្រញាប់ ហើយត្រូវបានសម្រេចឯកភាពដោយ អង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី។
២-សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីវិធានពាណិជ្ជកម្មនិងបញ្ជីពាណិជ្ជកម្ម
សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីវិធានពាណិជ្ជកម្មនិងបញ្ជីពាណិជ្ជកម្ម ត្រូវបាន រៀបចំឡើងដើម្បីធ្វើវិសោធនកម្មមាត្រាមួយចំនួននៃ ច្បាប់ស្តីពីវិធានពាណិជ្ជកម្មនិងបញ្ជីពាណិជ្ជកម្ម ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៦៩៥/០៤ ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ១៩៩៥ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីវិធានពាណិជ្ជកម្មនិងបញ្ជីពាណិជ្ជកម្ម ដែលត្រូវ បានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១១៩៩/០១២ ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៩៩ ក្នុងគោលបំណងជំរុញល្បឿននៃការធ្វើកំណែទម្រង់របស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការផ្តល់សេវា សាធារណៈ និងដើរឱ្យទាន់បរិបទនៃការធ្វើធុរកិច្ចនៅក្នុងតំបន់និងសកលដែលធ្វើឡើងជាក់ស្ដែង តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម ក៏ដូចជាធ្វើឱ្យមានតម្លាភាពនិងសង្គតិភាពជាមួយច្បាប់និងកាតព្វកិច្ច របស់កម្ពុជាក្នុងក្របខណ្ឌអន្តរជាតិ។
កន្លងមក រាជរដ្ឋាភិបាលបានកំណត់នីតិវិធីសម្រាប់ការចុះបញ្ជីអាជីវកម្មពាណិជ្ជកម្ម ពន្ធដារ និងការផ្តល់សេចក្តីជូនដំណឹងអំពីការបើកសហគ្រាស ដោយបានដាក់ឱ្យដំណើរការនូវប្រព័ន្ធចុះ បញ្ជីរួមតាមថ្នាលផ្លាស់ប្ដូរទិន្នន័យអនឡាញ។ តាមរយៈសេចក្តីព្រាងច្បាប់នេះ បានដកចេញនូវ បុរេលក្ខខណ្ឌមួយចំនួនដែលមិនចាំបាច់សម្រាប់ការចុះបញ្ជី និងជួយឱ្យប្រព័ន្ធស្វ័យប្រវត្តិកម្ម ដំណើរការទៅដោយរលូននិងមានតម្លាភាព ជួយឱ្យក្របខណ្ឌគតិយុត្តរបស់កម្ពុជាកាន់តែមាន · តម្លាភាព សង្គតិភាព និងស្តង់ដារខ្ពស់ ស្របតាមការធ្វើធុរកិច្ចជាសកល ព្រមទាំងលើកស្ទួយ បរិយាកាសធុរកិច្ចនៅកម្ពុជាឱ្យមានការសម្រួលពាណិជ្ជកម្មនិងការប្រកួតប្រជែង សំដៅចូលរួមស្ដារ សង្គម-សេដ្ឋកិច្ចកម្ពុជាពីវិបត្តិនៃជំងឺកូវីដ-១៩ និងបង្កើនកំណើនសេដ្ឋកិច្ច។
សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីវិធានពាណិជ្ជកម្មនិងបញ្ជីពាណិជ្ជកម្ម រួមមាន ពីរមាត្រា៖ មាត្រាមួយចែងអំពីការធ្វើវិសោធនកម្មចំនួន៥មាត្រា រួមមាន មាត្រា១១ថ្មី មាត្រា១៤ថ្មី, មាត្រា១៧ថ្មី និងមាត្រា២៦ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីវិធានពាណិជ្ជកម្មនិងបញ្ជីពាណិជ្ជកម្ម (ឆ្នាំ១៩៩៩) និងមាត្រា៤៧ នៃច្បាប់ស្តីពីវិធានពាណិជ្ជកម្មនិងបញ្ជីពាណិជ្ជកម្ម (ឆ្នាំ១៩៩៥) និង មាត្រាពីរចែងអំពីការអនុវត្តច្បាប់នេះជាការប្រញាប់ ហើយត្រូវបានសម្រេចឯកភាពដោយអង្គុយ ពេញអង្គគណៈរដ្ឋមន្ត្រី។
៣-សេចក្តីព្រាងរបាយការណ៍វាយតម្លពាក់កណ្តាលអាណត្តិ នៃការអនុវត្ត គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ (IDP)
ឈរលើទស្សនវិស័យវែងឆ្ងាយរបស់កម្ពុជាឆ្ពោះទៅឆ្នាំ២០៣០និងឆ្នាំ២០៥០ រាជរដ្ឋាភិបាល បាននិងកំពុងអនុវត្តគោលនយោបាយអភិវឌ្ឍន៏វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ (IDP) ដែលជាយុទ្ធសាស្ត្រកំណើនសេដ្ឋកិច្ចថ្មី ដើម្បីជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម និងរក្សានូវកំណើន សេដ្ឋកិច្ចប្រកបដោយចីរភាពនិងបរិយាបន្ន។ ក្នុងន័យនេះ សេចក្តីព្រាងរបាយការណ៍វាយតម្ល ពាក់កណ្តាលអាណត្តិ នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥ ២០២៥ (IDP) ត្រូវបានរៀបចំឡើងក្នុងគោលបំណងវាយតម្លៃអំពីវឌ្ឍនភាពនិងបច្ច័យនៃការអនុវត្ត គោលនយោបាយ សម្រាប់ឆ្នាំ២០១៥-២០២០ និងផ្ដល់អនុសាសន៍គោលនយោបាយគន្លឹះដើម្បី កែលម្អនិងពន្លឿនការអនុវត្ត សម្រាប់ឆ្នាំ២០២២-២០២៥។
ជាលទ្ធផល រយៈពេល៥ឆ្នាំបន្ទាប់ពីការដាក់ចេញនិងការអនុវត្តគោលនយោបាយ IDP គឺជាដំណាក់កាលដែលកម្ពុជាបាននិងកំពុងអភិវឌ្ឍ និងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ទាំងផ្នែករឹងនិងផ្នែកទន់ ដែលមិនទាន់ផ្តល់បច្ច័យភ្លាមៗប៉ុន្តែនឹងផ្ដល់ដល់ការសម្រេចគោលបំណង សម្រាប់រយៈពេល៥ឆ្នាំខាងមុខ។ របកគំហើញនៃការវាយតម្លៃពាក់កណ្ដាលអាណត្តិ បានបង្ហាញ ឱ្យឃើញពីភាពចាំបាច់ក្នុងការពិនិត្យឡើងវិញអំពីភាពត្រឹមត្រូវនិងភាពពាក់ព័ន្ធនៃចក្ខុវិស័យ IDP សម្រាប់ការអនុវត្តនៅដំណាក់កាលបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលនៃកត្តាភូមិសាស្ត សេដ្ឋកិច្ច-សង្គម និងនយោបាយ ការប្រែប្រួលអាកាសធាតុ បដិវត្តន៍ឧស្សាហកម្មទី៤ នឹងរបត់នៃ ការផ្លាស់ប្ដូរបច្ចេកវិទ្យានិងឌីជីថល ជាពិសេស ក្នុងបរិការណ៍នៃការរស់នៅជាមួយនឹងកូវីដ-១៩ ក្នុងគន្លងប្រក្រតីភាពថ្មី។
តាមរយៈលទ្ធផលនៃការវិភាគលើសូចនាករសមិទ្ធកម្ម បានបង្ហាញឱ្យឃើញអំពីសមិទ្ធផល រំពឹងទុករបស់គោលដៅគោលនយោបាយ IDP ដូចខាងក្រោម:
– អនុបាតវិស័យឧស្សាហកម្មក្នុង ផ.ស.ស. បានកើនឡើងដល់៣៤,២% នៅឆ្នាំ២០១៩ លើសគោលដៅដែលបានកំណត់ត្រឹម៣០% នៅឆ្នាំ២០២៥
-អនុបាតវិស័យកម្មន្តសាលក្នុង ផ.ស.ស. បានកើនឡើងដល់១៦,៣%នៅឆ្នាំ២០១៩ ប៉ុន្តែមិនទាន់សម្រេចបានតាមគោលដៅកំណត់ត្រឹម១៨% នៅឆ្នាំ២០២០ ចំណែកនៃការនាំចេញកសិផលកែច្នៃធៀបនឹងការនាំចេញសរុប បានធ្លាក់ចុះមកត្រឹម ៤,៩% នៅឆ្នាំ២០១៩ ដែលមិនទាន់សម្រេចបានតាមគោលដៅកំណត់ត្រឹម១០% នៅឆ្នាំ២០២០ ចំណែកនៃការនាំចេញផលិតផលកម្មន្តសាលមិនមែនសម្លៀកបំពាក់ និងស្បែកជើង បានកើនដល់១៥,៥% នៅឆ្នាំ២០២០ ដែលលើសគោលដៅកំណត់ត្រឹម១០% នៅឆ្នាំ២០២០
– អត្រាចុះបញ្ជីផ្លូវការសហគ្រាសធុនតូចគឺ៤៩,៧%នៅឆ្នាំ២០១៩ ដែលហាក់ដូចជានៅ ឆ្ងាយពីគោលដៅ៧០% នៅឆ្នាំ២០២០។ ប៉ុន្តែអត្រាចុះបញ្ជីផ្លូវការសហគ្រាសធុនមធ្យម៨៣,១% នៅឆ្នាំ២០១៥ គឺលើសគោលដៅឆ្នាំ២០២០ ដែលបានកំណត់ត្រឹម៨០%ចាប់ពីការអនុវត្តគោល នយោបាយ IDP នៅឆ្នាំទី១ អត្រាសហគ្រាសធុនតូចដែលកាន់បញ្ជីគណនេយ្យសាមញ្ញត្រឹមត្រូវ និងអត្រាសហគ្រាស ធុនមធ្យម ដែលមានតារាងតុល្យការបានកើនដល់ត្រឹម១៨,៥៣% និង៣៨,៦៩%រៀងគ្នា នៅឆ្នាំ ២០២០ ដែលមិនអាចសម្រេចបានគោលដៅឆ្នាំ២០២០ ដែលបានកំណត់៣០% និង៥០%រៀងគ្នា។
សេចក្តីព្រាងរបាយការណ៍វាយតម្លៃពាក់កណ្តាលអាណត្តិ នៃការអនុវត្តគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ (IDP) ត្រូវបានរៀបចំឡើងដោយចែកចេញជា ៦ផ្នែកធំៗគឺ៖ ១-សេចក្តីផ្តើម ២-វិធីសាស្ត្រនៃការវាយតម្លៃ៣-ការវាយតម្លៃលើបច្ច័យនៃការអនុវត្ត គោលនយោបាយ IDP៤-ការវាយតម្លៃលើការរៀបចំគោលនយោបាយនិងការអនុវត្តវិធានការ គោលនយោបាយ IDP ៥-សមិទ្ធផលរំពឹងទុក និងអនុសាសន៍គោលនយោបាយ និង ៦-សេចក្តី សន្និដ្ឋាននិងទិសដៅបន្ត ព្រមទាំងមានភ្ជាប់នូវឧបសម្ព័ន្ធចំនួន៣ បញ្ជីពាក្យអក្សរកាត និង បញ្ជីរូបភាពព និងតារាង ហើយត្រូវបានសម្រេចឯកភាពដោយអង្គប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី។
៤-បញ្ហាផ្សេងៗ៖
៤.១. អង្គប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បានអនុម័តបញ្ជូន «សេចក្តីព្រាងច្បាប់ស្តីពីការអនុម័ត យល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA)» ទៅសុំការអនុម័តយល់ព្រមពី ស្ថាប័ននីតិប្បញ្ញត្តិ។
៤.២. សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖ – រាជរដ្ឋាភិបាលកម្ពុជា ថ្លែងការកោតសរសើរនូវកិច្ចខិតខំរបស់ លោកឧបនាយករដ្ឋមន្តី្រ ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មការ សុរិយោដីថ្នាក់ជាតិ ក្រសួងមហាផ្ទៃ ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន និងផ្នែកអធិការកិច្ចនៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច អាជ្ញាធរទន្លេសាប ក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដែលបានចុះ ដោះស្រាយបញ្ហាកាប់ទន្ទ្រានដែនដីព្រៃលិចទឹកនៃតំបន់បឹងទន្លេសាប
– រាជរដ្ឋាភិបាលកម្ពុជា ប្តូរផ្តាច់ចំពោះយុទ្ធនាការការពារបឹងទន្លេសាបឱ្យបានជាដាច់ខាត ដោយបន្តចាត់វិធានការទប់ស្កាត់និងបង្ក្រាបជាបន្ទាន់ចំពោះការលួចកាប់បំផ្លាញព្រៃលិចទឹកយ៉ាង អាណាធិបតេយ្យនៅតំបន់ស្នូលផ្ទៃបឹងទន្លេសាប និងការវាទទីទន្ទ្រានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៃ តំបន់បឹងទន្លេសាប ព្រមទាំងដកហូតយកមកប្រគល់ជូនរដ្ឋវិញជាបន្តបន្ទាប់នូវដែនដីព្រៃលិចទឹក ទាំងឡាយណាដែលកាន់កាប់ដោយខុសច្បាប់នៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាបដែលរួមមាន ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ
– រាជរដ្ឋាភិបាលកម្ពុជា បន្តខិតខំប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ឱ្យបាន ម៉ឺងម៉ាត់ និងបន្តជំរុញការចាក់វ៉ាក់សាំងដូសជំរុញជូនដល់ប្រជាជនទៅតាមពេលវេលាដែលបានគ្រោងទុក
– រាជរដ្ឋាភិបាលកម្ពុជា នឹងពិនិត្យលទ្ធភាពសិក្សាក្នុងការអភិវឌ្ឍផ្លូវដែកកម្ពុជាដែលមានស្រាប់ ក្នុងពេលបច្ចុប្បន្នឱ្យកា្លយទៅជាផ្លូវដែកល្បឿនលឿន ជាពិសេស តភ្ជាប់ទិសដៅពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ និងទិសដៅពីរាជធានីភ្នំពេញទៅក្រុងប៉ោយប៉ែត និងបន្ថែមខ្សែផ្លូវដែកថ្មី ពីក្រុងប៉ោយប៉ែតទៅខេត្តសៀមរាបឆ្ពោះទៅខេត្តកំពង់ធំនិងរាជធានីភ្នំពេញ និងខ្សែផ្លូវដែកតភ្ជាប់ ពីរាជធានីភ្នំពេញទៅក្រុងបាវិត ព្រំដែនប្រទេសវៀតណាម ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កើនសមត្ថភាពការដឹកជញ្ជូន សំដៅរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គម
– រាជរដ្ឋាភិបាលកម្ពុជា ត្រូវត្រៀមលក្ខណសម្បត្តិឱ្យបានគ្រប់គ្រាន់សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត នីតិកាលទី៧ នៅឆ្នាំ២០២៣ ខាងមុខ
– រាជរដ្ឋាភិបាលកម្ពុជា កំណត់នូវជំហរក្នុងការគាំទ្រគំនិតផ្ដួចផ្ដើមឥណ្ឌូប៉ាស៊ីហ្វិក ដែលត្រូវ ឈរលើគោលការណ៍៣យ៉ាង គឺ៖
ទី១-ត្រូវតែផ្ដល់ផលប្រយោជន៏សម្រាប់សន្តិភាពនិងការអភិវឌ្ឍ
ទី២-មិនប្រឆាំងនឹងប្រទេសណាមួយ និង
ទី៣-ត្រូវគោរពនិងផ្ដល់ការគាំទ្រសម្រាប់មជ្ឍភាពរបស់ អាស៊ាននិងទស្សនាទានឥណ្ឌូប៉ាស៊ីហ្វិករបស់អាស៊ាន
– ក្នុងនាមជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២២ កម្ពុជានឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ក្នុងកិច្ចសហប្រតិបត្តិការជិតិស្និទ្ធជាមួយបណ្តាប្រទេសសមាជិកទាំង១០ និងដៃគូដទៃផ្សេងទៀត ដើម្បីចូលរួមកសាងសហគមន៍តំបន់ ឱ្យបន្តរក្សាសន្តិភាព វិបុលភាព និងសុខដុមនីយកម្ម ព្រមទាំង ធ្វើឱ្យអាស៊ានទៅជាគំរូនៃកិច្ចសហប្រតិបត្តិការតំបន់ ៕
ដោយ : សុខ ខេមរា