Update៖ ស្នងការរង និងនាយការិយាល័យអន្ដរាគមន៍ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធករណីព្រៃលិចទឹក នៅតំបន់៣ ស្រុកកំពង់លែង​ ក្រោយ ACU សាកសួរ​ចប់​សម្រេចឃាត់ខ្លួនហេីយ

ចែករំលែក៖

ខេត្ត​កំពង់ឆ្នាំង៖ ទីបំផុត​ លោកឧត្តមសេនីយ៍ត្រី ស៊ុ សុជាតិ ស្នងការរងខេត្តកំពង់ឆ្នាំង និងលោកវរសេនីយ៍ឯក កែវ ណារុន នាយការិយាល័យអន្ដរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ឆ្នាំង បន្ទាប់ពីបញ្ចប់ការសួរនាំ ពាក់ព័ន្ធការកាន់កាប់ព្រៃលិចទឹក នៅតំបន់៣ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលជាតំបន់ហាមឃាត់ នៃការកាប់ទន្ទ្រានព្រៃលិច​ ត្រូវ​បានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចឃាត់ខ្លួនហេីយ​។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ ស្ដីពីការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធនឹងការកាន់កាប់ព្រៃលិចទឹក។

សូមជម្រាបថា​ អង្គភាពប្រឆាំងអំពើពុករលួយ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ​ បានអញ្ជើញលោកឧត្តមសេនីយ៍ត្រី ស៊ុ សុជាតិ និងលោកវរសេនីយ៍ឯក កែវ ណារុន មកសាកសួរ និងស្ដាប់ចម្លើយ ក្រោយពាក់ព័ន្ធការកាន់កាប់ដីព្រៃលិចទឹក នៅតំបន់៣ ដែលជាតំបន់ហាមឃាត់ស្ថិតក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ក្រោយពីការសាកសួរចម្លើយ អង្គភាព ACU សម្រេចឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់។

គួរជម្រាបថា​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីពេលថ្មីៗនេះ​ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យក្រសួងស្ថាប័ន និងអាជ្ញាធរខេត្ត ជាពិសេសខេត្តជុំវិញបឹងទន្លេសាប ត្រូវបើកប្រតិបត្តិការយ៉ាងក្ដៅគគុកចុះទៅបង្ក្រាប និងដកហូតដែនដីព្រៃលិចទឹក ដែលរងការរំលោភបំពាន កាន់កាប់រាប់ពាន់ហិចតា នាពេលកន្លងមក ជាពិសេសក្នុងខេត្តកំពង់ឆ្នាំងតែម្ដង៕ដោយ​៖ស​ តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print