លោក សុខ លូ ជួបសំណេះសំណាលសួរសុខទុក្ខជាមួយអ្នកផ្ទុកមេរោគអេដស៍ចំនួន ១៥២នាក់ ដើម្បីចូលរួមទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២១ ក្រោមប្រធានបទ «បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាតសកល»

ចែករំលែក៖

ខេត្តបាត់ដំបង : សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃថ្នាក់សាខាខេត្តបាត់ដំបង រៀបចំពិធីជួបសំណេះសំណាលសួរសុខទុក្ខជាមួយអ្នកផ្ទុកមេរោគអេដស៍ចំនួន ១៥២នាក់ ដើម្បីចូលរួមទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២១ ក្រោមប្រធានបទ «បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាតសកល»។

ពិធីនេះប្រព្រឹត្តទៅនៅបរិវេណវត្តរកា ស្ថិតក្នុងភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង នាថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោមវត្តមាន លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង, លោកវេជ្ជ. តែង គន្ធី អនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងលោកបណ្ឌិត ប៊ុត គឹមស៊ាន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃថ្នាក់សាខាខេត្តបាត់ដំបង។

ក្នុងឱកាសនោះ លោក សុខ លូ បានសម្តែងនូវក្តីសោមនស្សរីករាយ និងពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ ដែលផ្តាំផ្ញើសួរសុខទុក្ខ បើទោះបីជា សម្តេច មិនបានអញ្ជើញមកដោយផ្ទាល់តែ សម្តេច តែងតែមានក្តីនឹករលឹក និងអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់។ ជាមួយគ្នានេះ លោក បានថ្លែងពីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលមានយុទ្ធសាស្ត្រច្បាស់លាស់ និងចក្ខុវិស័យវែងឆ្ងាយក្នុងការចាក់ស្រោចវ៉ាក់សាំងកូវីដ-១៩ជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ហេតុដូច្នេះហើយ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នកផ្ទុកមេរោគអេដស៍ដែលជាអ្នកប្រឈមទៅនឹងការវាយលុកពីជំងឺឱកាសនិយមនានា សូមអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា និងឱ្យគ្រប់ចំនួនដូសទៅតាមការកំណត់របស់ក្រសួងសុខាភិបាល។ ទន្ទឹមនឹងនេះ ឯកឧត្តម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមជាពហុវិស័យជាមួយ កាកបាទក្រហមកម្ពុជា អាជ្ញាធរជាតិ ស្ថាប័នរដ្ឋ-ឯកជន សប្បុរសជន និងដៃគូគ្រប់មជ្ឈដ្ឋាន ដើម្បីយើងទាំងអស់គ្នាឈានទៅសម្រេចគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥។

ក្នុងឱកាសនោះដែរ លោកវេជ្ជ. តែង គន្ធី បានពាំនាំសេចក្តីអំពាវនាវរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ជូនដល់បងប្អូនជនរួមជាតិឱ្យចូលរួមអនុវត្ត ដើម្បីសុខុមាលភាពគ្រួសារ និងសង្គម ដូចខាងក្រោម ៖
១.​ សូមបងប្អូនប្រជាពលរដ្ឋ, ក្មួយៗ យុវជន យុវនារី សិក្សាស្វែងយល់ជាប្រចាំនូវចំណេះដឹងថ្មីៗស្តីពីការបង្ការការចម្លងមេរោគអេដស៍ ក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិ ដើម្បីបញ្ចប់ជំងឺអេដស៍នៅឆ្នាំ ២០២៥ ឱ្យបានតាមការគ្រោងទុក។
២.​ ក្នុងករណីសង្ស័យថា បានប្រឈមនឹងការឆ្លងមេរោគអេដស៍ ត្រូវស្វែងរកសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ដោយស្ម័គ្រចិត្ត ដើម្បីទទួលបានសេវាថែទាំ និង ព្យាបាលទាន់ពេលវេលា។
៣.​ ចំពោះស្ត្រីមានផ្ទៃពោះ ត្រូវស្វែងរកសេវាថែទាំ និងពិនិត្យផ្ទៃពោះ ឱ្យបានត្រឹមត្រូវ និង
ទៀងទាត់តាមការណែនាំរបស់បុគ្គលិកពេទ្យ ទប់ស្កាត់ការចម្លងមេរោគអេដស៍ពីម្តាយទៅទារក ដើម្បីធានាសុខុមាលភាព ទាំងមាតា និងទារក។
៤.​ ត្រូវចូលរួមបញ្ចប់ការរើសអើងនូវគ្រប់រូបភាព ចំពោះអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍
ស្របតាមច្បាប់ស្តីពីការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា។
៥.​ ត្រូវការពារជាប្រចាំ តាមរយៈការប្រើស្រោមអនាម័យ ជាពិសេសចំពោះប្រជាពលរដ្ឋទាំងឡាយ ដែលមានមុខរបរប្រឈមខ្ពស់នឹងការឆ្លងមេរោគអេដស៍។
៦.​ ទន្ទឹមនឹងការយកចិត្តទុកដាក់ចំពោះមេរោគអេដស៍ និងជំងឺអេដស៍, សូមបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ចំពោះជំងឺរាតត្បាតសកលកូវីដ-១៩ ហើយត្រូវការពារឱ្យបានខ្ជាប់ខ្ជួន រស់នៅតាមគន្លងប្រក្រតីភាពថ្មី ប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល «៣ ការពារ ៣ កុំ» ដើម្បីធានាសុខុមាលភាពគ្រួសារ សហគមន៍ និងសង្គមជាតិយើង។

សូមបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋទាំង ១៥២គ្រួសារ ក្នុងគ្រួសារនីមួយៗទទួលបានអំណោយ៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកសុទ្ធវីឃែរ ១កេស, ភួយ១, ក្រមា១, ជែល ១ដប, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ និងថវិការបស់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ចំនួន ៥ម៉ឺនរៀល៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print