យ៉ាងហោចណាស់ក៏មានមនុស្ស ២៧នាក់ស្លាប់នៅក្នុងគ្រោះអគ្គិភ័យឆាបឆេះអគារមួយនៅក្នុងទីក្រុង អូសាកា (Osaka) ប្រទេសជប៉ុន។ កម្លាំងប៉ូលិសសង្ស័យថា គ្រោះអគ្គិភ័យកើតឡើងដោយសារតែសកម្មភាពបំផ្លាញ ។ ក្រុមពន្លត់អគ្គិភ័យបានឱ្យដឹងថា ការឆាបឆេះកើតឡើងនៅវេលាម៉ោង១០ និង២០នាទីព្រឹក ថ្ងៃទី១៧ ខែធ្នូ ហើយអណ្តាតភ្លើងឆាបឆេះចេញពីជាន់ទី៤ នៃអគារស្ថិតនៅជិតស្ថានីយរថភ្លើង JR Osaka ។ អណ្តាតភ្លើងត្រូវបានគ្រប់គ្រងនៅវេលាម៉ោង១០និង ៤៥នាទី ក្រោយពេលឆាបឆេះក្នុងបរិវេណ២០ម៉ែត្រក្រឡា។ សាក្សីធ្វើការនៅភោជនីយដ្ឋានក្បែរនោះបានឱ្យដឹងថា «ខ្ញុំបានមើលឃើញផ្សែងផុសចេញពីជាន់ទី៤នៃអគារ ហើយមានរថយន្តពន្លត់អគ្គិភ័យជាច្រើនបានទៅកាន់ទីនោះ ។ មនុស្សនៅខាងក្នុងត្រូវបានជួយសង្គ្រោះ។ ក្នុងពេលនោះ អគ្គិសនីនៅក្នុងតំបន់ត្រូវបានកាត់ផ្តាច់»។ មន្តី្រពន្លត់អគ្គិភ័យ អូសាកា បាននិយាយទៅកាន់សារព័ត៌មាន AFP ថា មានមនុស្ស២៧នាក់ស្លាប់ និង២៨នាក់រងរបួសធ្ងន់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់ អាចស្លាប់គ្រប់ពេលវេលា ៕ ដោយសាធី