ភ្នំពេញ : កម្មវិធីពង្រឹងជំនាញបច្ចេកវិទ្យាឧស្សាហកម្ម៤.០ កំពុងបណ្តុះបណ្តាលជំនាញផ្នែកបច្ចេកវិទ្យាឌីហ្សាញ និងផលិតវត្ថុ3D សម្រាប់ឧស្សាហកម្ម៤.០ ដល់សិស្ស៨០នាក់ ក្នុងរាជធានីភ្នំពេញ ចំនួន៤សប្តាហ៍។ តាមរយ:ការសហការគ្នារវាង សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ, សាលា ស្ទី មមីង ខេមបូឌា, វិទ្យាល័យព្រះសុីសុវត្ថិ សាលារៀនជំនាន់ថ្មី, វិទ្យាល័យព្រែកលៀប សាលារៀនជំនាន់ថ្មី, និងវិទ្យាល័យអុីធូស្ទែម ព្រះយុគន្ធរ កម្មវិធីនេះ បណ្តុះបណ្តាលសិស្សឲ្យមានគំនិតច្នៃប្រឌិត និងគូររូបកូនឡានជាទម្រង់រូបភាព3D ដើម្បីផលិតកូនឡានដែលគូរនោះចេញមកក្រៅ តាមរយ:ម៉ាសុីនបោះពុម្ព3D។ តាមរយ:ការផ្តល់នូវជំនាញមូលដ្ឋានផ្នែកឌីហ្សាញ 3D នេះ ស.ស.យ.ក រាជធានីភ្នំពេញ ជាមួយនឹងសាលារដ្ឋដៃគូរទាំងបី មានចក្ខុវិស័យវែងឆ្ងាយ សម្រាប់បណ្តុះបណ្តាលធនធានមនុស្ស ឲ្យមានសមត្ថភាពឌីហ្សាញផលិតផលផ្នែកមេកានិក, ផ្នែកអេឡិកត្រូនិក, និងផ្នែកផលិតកម្មនានា សម្រាប់បំពេញមុខងារឧស្សាហកម្ម៤.០ របស់កម្ពុជា។
លោក សុំ មនោរម្យ ប្រធានលេខាធិការដ្ឋាន នៃសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានលើកឡើងពីការកើតឡើងនៃបដិវត្តន៍ឧស្សាហកម្ម និងការប្រែប្រួលជឿនលឿននៃបច្ចេកវិទ្យារបស់ឧស្សាហកម្ម៤.០ នៅក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ។ លោក សុំមនោរម្យ បានសង្កត់ធ្ងន់ថា“កម្មវិធីពង្រឹងជំនាញបច្ចេកវិទ្យាឧស្សាហកម្ម៤.០ របស់សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញនេះ ជាសកម្មភាពផ្តួចផ្តើម និងជាកាលានុវត្តភាពថ្មីមួយ សម្រាប់ប្អូនៗទាំង៨០នាក់ ក្នុងការខិតខំប្រើប្រាស់សក្តានុពលរបស់ខ្លួនក្នុងការសិក្សាស្រាវជ្រាវពីដំណើរវិវត្តន៍នេះ និងត្រៀមលក្ខណៈដើម្បីចាប់យកការលានុវត្តភាពថ្មីៗពីបច្ចេកវិទ្យារបស់ឧស្សាហកម្ម៤.០ តាមរយ:អាហារូបករណ៍ដែលផ្តល់ជូនដោយ ស.ស.យ.ក រាជធានីភ្នំពេញ ដើម្បីឲ្យមានលទ្ធភាពអាចចាប់ផ្តើមរៀនសូត្រផលិតនូវផលិតផលថ្មីៗសម្រាប់កម្ពុជា។ ដើម្បីឈានទៅដល់ការផលិតសម្រាប់កម្ពុជាបាន ការចាប់ផ្តើមទទួលយកជំនាញផ្នែកឌីហ្សាញ និងបោះពុម្ព3D មកធ្វើជាចំណុចចាប់ផ្តើមក្នុងការរៀនឌីហ្សាញ និងផលិតនូវផលិតផលនានា គឺជាមធ្យោបាយល្អបំផុត។ ”
លោក ស៊្រុន បូរ័ត្ន សមាជិកកម្មវិធីយុវជនបច្ចេកវិទ្យា និងនវានុវត្តន៍ នៃសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងជាអ្នកគ្រប់គ្រងកម្មវិធីអប់រំស្ទែមនៃសាលា ស្ទីមមីង ខេមបូឌា បានលើកឡើងពីអត្ថប្រយោជន៍នៃបច្ចេកវិទ្យាបោះពុម្ព3D នេះថា “បច្ចេកវិទ្យាបោះពុម្ព3Dនេះ ជួយសិស្សឲ្យរៀនបង្កើតថ្មី និងមានគំនិតច្នៃប្រឌិត។ ឧទាហរណ៍ សាមញ្ញមួយ៖ សិស្ស អាចប្រើបច្ចេកវិទ្យាបោះពុម្ព3Dនេះ ដើម្បីផលិតកូនមនុស្សយន្ត ផលិត ដ្រូន ផលិតឧបករណ៍Lego ទៅតាមការចង់បាន ការស្រលាញ់របស់ខ្លួនបាន។ លើសពីនេះ សិស្សមិនរៀនទ្រឹស្តីច្រើនពេកនោះទេក្នុងការរៀនផលិតរបស់របរដែលគាត់ចង់ផលិត ដោយគាត់គ្រាន់តែប្រើប្រាស់កម្មវិធីរបស់កុំព្យូទ័រដើម្បីគូរ បូករួមនឹងគំនិតច្នៃប្រឌិតដែលគាត់មាន គឺគាត់អាចផលិតបានតែម្តង។ របស់ដែលសិស្សផលិតបាននោះ អាចជំរុញលើកទឹកចិត្តដល់សិស្ស ដើម្បីឲ្យសិស្សជឿជាក់ថាគាត់មានសមត្ថភាពផលិតរបស់របរថ្មីៗបាន ដោយមិនចាំបាច់ទាមទារការចេះដឹងទ្រឹស្តីច្រើនពេកនោះទេ។ ”
លើសពីនេះ កម្មវិធីពង្រឹងជំនាញបច្ចេកវិទ្យាឧស្សាហកម្ម៤.០ ក៏លើកស្ទួយការសហការធ្វើការងារក្រុមរបស់សិស្សទាំង៨០នេះដែលចូលរួមនេះផងដែរ តាមរយ:ការរៀបចំការប្រគួតកូនឡានដែលសិស្សបានឌីហ្សាញជាក្រុម, ព្រីន, និងផ្គុំកូនឡានដោយប្រើប្រព័ន្ធបញ្ជា សម្រាប់ទៅប្រកួតជាមួយក្រុមផ្សេងទៀតក្នុងសប្តាហ៍ខាងមុខនេះ៕
ដោយ : សិលា