ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០២១ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន បានរៀបចំពិធីចែកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈឯកឧត្តម ឃួង ស្រេង ប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជូនដល់ប្រជាពលរដ្ខដែលមានជីវភាពខ្វះខាត និងជនចាស់ជរា នៅក្នុងសង្កាត់ទួលទំពូងទី១ ចំនួន ៥០គ្រួសារ ក្រោមវត្តមានលោក ថេង សុថុល ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន និងលោក ព្រុំ សំខាន់ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ដោយមានការចូលរួមពីលោកស្រីអភិបាលរងខណ្ឌ, លោកនាយករងរដ្ឋបាលខណ្ឌ, លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យចំណុះរដ្ឋបាលខណ្ឌ, លោកចៅសង្កាត់ទួលទំពូងទី១ និងមន្ត្រីពាក់ព័ន្ធ ។
ថ្លែងក្នុងឱកាសនេះ លោក ថេង សុថុល បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារទាំងអស់ប្រកបដោយសេចក្តីនឹករលឹក ។ លោកប្រធានគណៈកម្មាធិការអនុសាខា បានមានប្រសាសន៍ទៀតថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន ជាប្រធាន តែងបានយកចិត្តទុកដាក់ជានិច្ច ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងនៅគ្រប់ទីកន្លែង ដោយមិនដែលប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ ឬពណ៌សម្បុរ អ្វីឡើយ ដូចពាក្យថា ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ។
លោក ថេង សុថុល បានបន្តថា ប្រជាពលរដ្ឋជនចាស់ជរា ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍ ត្រូវបានចាត់ទុកថា ជាមុខសញ្ញាងាយរងគ្រោះ ហើយក៏ជាមុខសញ្ញា ត្រូវសង្រ្គោះជាបន្ទាន់ ដែលត្រូវទទួលបានអំណោយនៅពេលនេះ ដើម្បីជាការដោះស្រាយជីវភាព ក្នុងអំឡុងពេលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ។
លោកប្រធានគណៈកម្មាធិការអនុសាខា បានអំពាវនាវដល់បងប្អូន ពូមីងទាំងអស់ មេត្តាប្រុងប្រយ័ត្នចំពោះគ្រោះអគ្គិភ័យ ដែលអាចកើតឡើងបណ្ដាលមកពីភ្លើងចង្ក្រាន ធូប ទៀន ជាពិសេស បញ្ហាអគ្គីសនី ដោយធ្វើយ៉ាងណា ពិនិត្យឱ្យបានម៉ត់ចត់ កុំមានការធ្វែសប្រហេសឱ្យសោះ ព្រោះពេលនេះជារដូវត្រជាក់ធ្លាក់ខ្យល់ផងនោះ ។
ជាមួយគ្នានេះ លោក ថេង សុថុល ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយត្ន័បន្ថែមទៀត ជាពិសេស សូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន គឺ៖ ៣ការពារ និង ៣កុំ ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា ។
បើតាមលោកលោក សុន សិទ្ធី នាយករដ្ឋបាលខណ្ឌចំការមន បានឱ្យដឹងថា អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង ១គ្រួសារៗទទួលបាន៖ -អង្ករ ២៥គីឡូក្រាម -ទឹកត្រី -ទឹកស៊ីអ៉ីវ -មី -ម៉ាស និងថវិកា ២០,០០០រៀល ៕
ដោយ៖ ជីណា