ក្រសួងការងារ​ និងអង្គការហ្គូដណេប៊ឺសកម្ពុជា រួមគ្នាអនុវត្តគម្រោងលើកកម្ពស់ជំនាញវិជ្ជាជីវៈដល់យុវជន តាមរយៈការពង្រឹងគុណភាព គ្រឹះស្ថានTVET និងការយល់ដឹងរបស់សហគមន៍

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការហ្គូដណេប៊ឺសកម្ពុជា​ បានចុះកិច្ចព្រមព្រៀង អនុវត្តគម្រោងលើកកម្ពស់ជំនាញវិជ្ជាជីវៈយុវជនកម្ពុជា តាមរយៈការពង្រឹងគុណភាព គ្រឹះស្ថានអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ(TVET) និងការយល់ដឹងរបស់សហគមន៍។ អនុស្សរណៈនៃការយោគយល់នេះ មានរយៈពេល៣ឆ្នាំ ចាប់ពីខែធ្នូ ឆ្នាំ២០២១ ដល់ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រូវបានចុះហត្ថលេខារវាង លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយលោក JANG DONGWON នាយកប្រចាំប្រទេស អង្គការហ្គូដណេប៊ឺសកម្ពុជា(GNC) នៅទីស្តីការក្រសួងការងារ។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកបណ្ឌិត អ៉ិត សំហេង បានធ្វើការវាយតម្លៃខ្ពស់ចំពោះអង្គការហ្គូដណេប៊ឺសកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មជួយគាំទ្រដល់វិស័យជាច្រើនដល់សង្គម និងការអភិវឌ្ឍកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលចាត់ទុកអង្គការក្រៅរដ្ឋាភិបាលជាដៃគូអភិវឌ្ឍ និងជាដៃគូសន្ទនាគ្នាមួយដ៏មានសារសំខាន់។

លោក JANG DONGWON បានថ្លែងអំណរគុណជូនចំពោះលោករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានរៀបចំកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈនេះឡើងប្រកបដោយអត្ថន័យក្រៃលែង។ កន្លងមក ខាងអង្គការរបស់លោកមិនទាន់មានកិច្ចសហប្រតិបត្តិការជាផ្លូវការជាមួយខាងក្រសួងនៅឡើយទេ ដូច្នេះការចុះហត្ថលេខានេះជាការបើកផ្លូវមួយសម្រាប់អង្គការក្នុងការសម្របសម្រួលជាមួយក្រុមហ៊ុនល្បីៗ ដែលកំពុងមានការចាប់អារម្មរណ៍ និងតម្រូវការខ្ពស់ចំពោះធនធានមនុស្សខាងផ្នែកTVETនេះ។

ឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់អង្គការហ្គូដណេប៊ឺសកម្ពុជា លោករដ្ឋមន្ត្រី បានសម្តែងនូវការពេញចិត្តជាខ្លាំងចំពោះអង្គការដែលបានជ្រើសរើសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាដៃគូអនុវត្តនូវគម្រោងបណ្តុះបណ្តាលធនធានមនុស្សផ្នែកTVETនេះជាមួយគ្នា ដែលឯកឧត្តមរដ្ឋមន្ត្រីចាត់ទុកថាធនធានមនុស្សផ្នែកនេះ ពិតជាដើរតួនាទីសំខាន់ណាស់ក្នុងការចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

លោក JANG DONGWON គូសបញ្ជាក់បន្ថែមថា សម្រាប់គោលដៅនៃកិច្ចសហប្រតិបត្តិការនេះ គឺដើម្បី លើកកម្ពស់គុណភាពកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់ យុវជន, លើកកម្ពស់ការទទួលបានការរៀនជំនាញវិជ្ជាជីវៈដល់យុវជន និងបង្កើនប្រព័ន្ធគាំទ្រការទទួលបានការងារដល់យុវជន។ ចំពោះសកម្មភាពដែលត្រូវអនុវត្ត រួមមាន ការជួសជុលហេដ្ឋារចនាសម្ព័ន្ធ រោងជាង និងបន្ទប់ពិសោធន៍ ព្រមទាំង បំពាក់ឧបករណ៍សម្ភារបណ្តុះបណ្តាលនៅតាមគ្រឹះស្ថានគោលដៅ (វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម, វិទ្យាស្ថានអភិវឌ្ឍន៍ មុខជំនាញកម្ពុជា-ថៃ, និងវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង), អភិវឌ្ឍកម្មវិធីសិក្សាលើកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ១,២,៣ សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស/បរិញ្ញាបត្ររង និង បរិញ្ញាបត្របច្ចេកវិទ្យា លើជំនាញ៖ ម៉ាស៊ីនត្រជាក់ អគ្គិសនី និង បច្ចេកវិទ្យាព័ត៌មាន ព្រមទាំងបណ្តុះបណ្តាលគ្រូ, រៀបចំពិពណ៌ការងារ និងឱកាសការងារ និងលើកកម្ពស់ការទទួលបានការរៀនជំនាញវិជ្ជាជីវៈ ដល់យុវជន ក្នុងរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។

សូមជម្រាបជូនដែរថា ហ្គូដណេប៊ឺសកម្ពុជា (Good Neighbors Cambodia) គឺជាអង្គការមួយក្នុងចំណោមអង្គការដៃគូផ្សេងទៀតរបស់ អង្គការ ហ្គូដណេប៊ឺស ដែលកំពុងប្រតិបត្តិការងាររបស់ខ្លួនក្នុង ៣៧ ប្រទេស ហើយបាននិងកំពុងប្រតិបត្តិការគម្រោងរបស់ខ្លួនក្នុងប្រទេសកម្ពុជាចាប់ពីឆ្នាំ២០០២ ដោយផ្តោតលើគម្រោង និងកម្មវិធីអភិវឌ្ឍន៍រយៈពេលវែងសំខាន់ៗ មួយចំនួនរួមមាន៖ ១. កម្មវិធីគាំពារ និងការការពារកុមារ ២. កម្មវិធីអប់រំ ៣. សុខភាព ៤. ទឹកស្អាត និងអនាម័យ ៥. បរិស្ថាន ៦. កម្មវិធីបង្កើតប្រាក់ចំណូល និងការកសាងភាពជាដៃគូ ៧. ការគាំទ្រមតិ និង ៨. កម្មវិធីមនុស្សធម៌។ សកម្មភាពគម្រោងទាំងនេះ ធ្វើឡើងតាមរយៈកម្មវិធីអភិវឌ្ឍន៍សហគមន៍ (Community Development Program) ចំនួន ៦កម្មវិធី ស្ថិតក្នុងរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ បាត់ដំបង ក្រចេះ មណ្ឌលគិរី និងរតនគិរី៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print