ភ្នំពេញ៖ កីឡាការិនីទូកក្តោងកម្ពុជា ទិត្យ សំសូរិយា ដែលចូលរួមការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ នៅក្រុងព្រះសីហនុ លើវិញ្ញាសាទូកក្តោង ILCA 6 ទទួលស្គាល់ថា ខ្លួននៅមានចំណុចខ្វះខាតជាច្រើនត្រូវពង្រឹងសមត្ថភាពបន្ថែម បន្ទាប់ពីឆ្លងកាត់ការប្រកួតកម្រិតអន្តរជាតិក្នុងទឹកដីកំណើតរបស់ខ្លួនអស់រយៈពេល ៥ថ្ងៃកន្លងមក ។ នេះបើយោងតាមផេក (Cambodia 2023) CAMSOC ជាមួយពាក្យស្លោក #យើងនាំគ្នាឆ្ពោះទៅ_ស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា
#កីឡារស់ក្នុងសន្ដិភាព នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។
កីឡាការិនីវ័យ ១៧ឆ្នាំរូបនេះ បានអះអាងថា ឆ្លងកាត់ការប្រកួតជាមួយកីឡាករបរទេស ខ្លួនធ្វើពុំបានល្អ ដោយសារបច្ចេកទេស និងបទពិសោធន៍ នៅមានកម្រិតនៅឡើយ ។ ដូច្នោះបន្ទាប់ពីបញ្ចប់ការប្រកួតនេះ និងយកចំណុចខ្វះខាតទាំងអស់ ពង្រឹងបន្ថែម ដើម្បីអភិវឌ្ឍន៍សមត្ថភាព ឆ្ពោះទៅប្រជែងដណ្តើមមេដាយឲ្យបានជូនកម្ពុជា នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ក្នុងនាមជាម្ចាស់ផ្ទះ ។
ទិត្យ សំសូរិយា បានប្តេជ្ញាយ៉ាងមុតមាំថា នឹងខិតខំហ្វឹកហាត់ឲ្យខ្លាំងក្លាជាមួយគ្រូបង្វឹកលើវិញ្ញាសា ILCA 6 ដើម្បីបំពេញចំណុចខ្វះខាត ពីការប្រកួតកម្រិតអន្តរជាតិជាលើកដំបូង ។
គួរបញ្ជាក់ថា ទិត្យ សំសូរិយា កីឡាការិនីទូកក្តោងកម្ពុជា បានចូលហ្វឹកហាត់ តាំងពីវ័យ ១៥ឆ្នាំ លើវិញ្ញាទូកក្តោង ILCA 6 ជាកូនទី៣ ក្នុងចំណោមបងប្អូនប្រុសស្រី ៥នាក់ ដែលមានឱពុកជាយោធា ម្តាយជាអ្នកលក់ដូរ បច្ចុប្បន្ននាងមានវ័យ ១៧ឆ្នាំ ហើយបំណងប្រាថ្នារបស់កញ្ញា គឺចង់ឈ្នះមេដាយជូនកម្ពុជា ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជា នាឆ្នាំ២០២៣ ៕
ដោយ: សិលា