នៅថ្ងៃទី១៩ខែធ្នូ មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយហ្វុីលីពីន បានបញ្ជាក់ថា អ្នកស្លាប់ដោយព្យុះ Rai បានកើនឡើងដល់ទៅ៧៥នាក់ ហើយ ។ ក្នុងរបាយការណ៍ថ្ងៃទី១៨ ខែធ្នូគឺមានតែ៣៣នាក់ប៉ុណ្ណោះ ។ ពលរដ្ឋជាង៣សែននាក់ត្រូវបានជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព។ ប្រព័ន្ធទូរគមនាគមន៍ត្រូវកាត់ផ្តាច់បង្កផលលំបាកយ៉ាងខ្លាំងក្នុងការទាក់ទង ប្រព័ន្ធទូរស័ព្ទត្រូវកាត់ផ្តាច់។ ផ្ទះជាច្រើនប៉ើងដំបូលនៅសល់តែបង្គោលបេតុងប៉ុណ្ណោះ។
ព្យុះទីហ្វុង Rai បានក្លាយជាកំពូលព្យុះ ទីហ្វុងកំណាច «super typhoon» នៅពេលវាបក់បោកវាយប្រហារលើកោះ Siargao កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ជាមួយល្បឿនខ្យល់បក់ ១៩៥គីឡូម៉ែត្រក្នុងមួយម៉ោង។
អាជ្ញាធរហ្វុីលីពីនបានអះអាងថា Rai ជាខ្យល់ព្យុះខ្លាំងបំផុតហើយ ដែលបានបោកបក់លើហ្វុីលីពីននាចុងឆ្នាំ២០២១នេះ ។ ដោយឡែក កងកម្លាំងសង្គ្រោះសរុប ១៨,០០០នាក់ មកពីស្ថាប័នពាក់ព័ន្ធ បាននិងកំពុងចេញប្រតិបត្តិការបោសសម្អាត និងជួយសង្គ្រោះប្រជាជនរងគ្រោះ។
ហ្វុីលីពីនគឺជាប្រទេសមួយដែលតែងតែរងគ្រោះជាញឹកញប់ដោយខ្យល់ព្យុះទាំងធ្ងន់ និងស្រាល ដោយក្នុងមួយឆ្នាំៗមានព្យុះយ៉ាងហោចណាស់ក៏២០ព្យុះដែរ បានវាយប្រហារលើប្រទេសស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ៕ ដោយសាធី