ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីមន្រ្តីកងអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារទី២១ ខែធ្នូ ឆ្នាំ២០២១នេះ បានឱ្យដឹងថា លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក ដែលអាចជាប់ពាក់ព័ន្ធករណីចោរប្លន់អ្នកលក់ឡេដ៏ល្បីឈ្មោះ អ៊ាន សៀវម៉ី នៅព្រឹកនេះកម្លាំងជំនាញកំពុងតែបន្តនីតិវិធីសាកសួរ។
សូមជម្រាបថា កម្លាំងកងអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីម្សិលមិញនេះ បានសម្រុកចូលសម្បុកក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី ប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ និងដកហូតអាវុធចំនួន៥ដើម(វែង១ដើម ខ្លី៤ដើម) ស្ថិតនៅទីតាំងបុរី ប៉េងហួត ផ្លូវ៦០ម៉ែត្រ ខណ្ឌមានជ័យ រាជធានីភ្នំពេញនិងឃាត់ខ្លួនមនុស្សពាក់ព័ន្ធ ចំនួន១២នាក់(ប្រុស៩នាក់ ស្រី៣នាក់)។ ក្នុងការឃាត់ខ្លួនមនុស្សទាំងអស់ ក្នុងនោះក៏មានលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក ដែលអាចជាប់ពាក់ព័ន្ធករណីជាមួយក្រុមចោរប្លន់អ្នកលក់ឡេដ៏ល្បីឈ្មោះ អ៊ាន សៀវម៉ី ផងដែរ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃអង្គារទី២១ ខែធ្នូ ឆ្នាំ២០២១នេះដែរ សូមជម្រាបជូនអ្នកសារព័ត៌មានជ្រាបថា នាវេលាយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ កម្លាំងកងរាជអាវុអហត្ថរាជធានីភ្នំពេញ បានប្រតិបត្តិការបង្ក្រាប និងមានការឃាត់ខ្លួនបុគ្គលពាក់ព័ន្ធនឹងករណីប្លន់មួយចំនួនពិតមែន។
ដោយសារការស៊ើបអង្កេតកំពុងបន្តនីតិវិធី ខ្ញុំបាទសូមជម្រាបបញ្ជាក់បានត្រឹមប៉ុណ្ណេះ ពីព្រោះនេះជាការសម្ងាត់វិជ្ជាជីវៈ ដែលត្រូវតែគោរព៕ដោយ៖ស តារា